នៅថ្ងៃសុក្រទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានដឹកនាំសន្និបាតបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន នាវិមានសន្តិភាព។
រាជរដ្ឋាភិបាលបានចាត់ទុកការចុះបំពេញការងារតាមមូលដ្ឋាន គឺជាវិធីសាស្ត្ររបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។


ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ជាយន្តការមួយ ដែលបង្កើតឡើងដោយរាជរដ្ឋាភិបាល ដើម្បីអនុញ្ញាតឱ្យមន្ត្រីថ្នាក់ជាតិ មានឱកាសបន្ថែមទៀតក្នុងការចូលរួមជួយអភិវឌ្ឍនៅមូលដ្ឋាននានាទូទាំងប្រទេស តាមរយៈការសហការការងារជាមួយមន្ត្រី ក៏ដូចជាអាជ្ញាធរថ្នាក់ក្រោមជាតិ។
ចាប់តាំងពីនីតិកាលទី៥ នៃរដ្ឋសភាមករាជរដ្ឋាភិបាលបានបង្កើតក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ក្នុងគោលដៅ៖(១)ជំរុញការផ្សព្វផ្សាយ និងជំរុញការអនុវត្តកម្មវិធីនយោបាយ, ក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីនៃការកែទម្រង់ ព្រមទាំងវិធានការគន្លឹះនានា របស់រាជរដ្ឋាភិបាល (២) ផ្សារភ្ជាប់រវាងមន្ត្រីសាធារណៈ និងមូលដ្ឋាន ដើម្បីបង្កើនសាមគ្គីភាព និងកិច្ចសហការប្រកបដោយជវភាពនៃប្រព័ន្ធតួអង្គតែមួយ (៣) ស្វែងយល់ និងវាយតម្លៃពីស្ថានភាពជាក់ស្តែងនៅមូលដ្ឋាន (៤) ចូលរួមដោះស្រាយបញ្ហាជាក់ស្តែងនៅនឹងកន្លែង ឱ្យបានទាន់ពេល និងប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងសំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ៕





អត្ថបទ៖ សាងតេជៈ រូបភាព៖ ផេកសម្តេចធិបតី