ប្រធានាធិបតីអាមេរិក ចង់ឲ្យរុស្ស៊ីវិលត្រឡប់ចូលរួមជាមួយក្រុមប្រទេស G7 វិញ

ប្រធានាធិបតីអាមេរិក Donald Trump បានបង្ហើបឲ្យដឹងថា លោកពិតជាចង់ឲ្យប្រទេសរុស្ស៊ី ចូលរួមជាមួយក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿន G7 វិញខ្លាំងណាស់ ហើយវាគឺជាកំហុសឆ្គង ដែលពួកគេបណ្ដេញទីក្រុងមូស្គូចេញពីប្លុកមួយនេះ។

ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយថា រុស្ស៊ីគឺជាសមាជិកនៃក្រុមប្រទេសប្រជាធិបតេយ្យឧស្សាហកម្ម ដែលពីមុនហៅថា G8 តែក្រោយមកប្ដូរឈ្មោះជា G7 បន្ទាប់ពីរុស្ស៊ីត្រូវបានបណ្ដេញចេញពីក្រុម ដោយសារការកាត់យកតំបន់ Crimea ពីអ៊ុយក្រែនក្នុងឆ្នាំ២០១៤។

តាមដានជាមួយយើង៖ Million Times

ថ្លែងនៅក្នុងសេតវិមានមុខអ្នកសារព័ត៌មានជាច្រើន ប្រធានាធិបតី Trump មានប្រសាសន៍ថា «ខ្ញុំពិតជាចង់បានពួកគេ (រុស្ស៊ី) ត្រឡប់មកវិញណាស់។ ខ្ញុំគិតថាការបណ្ដេញពួកគេចេញ គឺជាកំហុសមួយ ហើយវាមិនខ្វល់ថាអ្នកចូលចិត្ត ឬស្អប់រុស្ស៊ីទេ ព្រោះកន្លងមកក្រុមនេះមានឈ្មោះថា G8»។

សូមជម្រាបដែរថា ក្រុម G7 គឺជាវេទិកានយោបាយ និងសេដ្ឋកិច្ចអន្តររដ្ឋាភិបាល ដែលមានប្រទេសកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកគឺជាសមាជិក ខណៈសហភាពអឺរ៉ុប (EU) គឺជា “សមាជិកមិនរាប់បញ្ចូល”។

ដំបូងឡើយក្រុមនេះមានឈ្មោះថា G8 ជាវេទិការនយោបាយអន្តររដ្ឋាភិបាល បង្កើតឡើងកាលពីឆ្នាំ១៩៩៧ តែក្រោយមករុស្ស៊ីត្រូវបានបណ្ដេញចេញពីក្រុម ក្រោយការកាត់យកតំបន់ Crimea ក្នុងឆ្នាំ២០១៤ ដែលតម្រូវឲ្យពួកគេធ្វើកំណែទម្រង់សារថ្មី និងបានប្ដូរឈ្មោះទៅជា G7 ចាប់តាំងពីពេលនោះមក៕

អត្ថបទ៖ Luffy រូបភាព៖ The Hill