ក្រុមហ៊ុនវិនិយោគបរទេស ២ បន្ថែមទៀត មក​ស្វែងយល់ពី​​ដំណាំស្វាយចន្ធីកម្ពុជា

ក្រុមហ៊ុន​វិនិយោគ​ធំ​ៗ​២ របស់​បរទេស បាន​មក​ស្វែងយល់​ពី​វិស័យ​កសិ-ឧស្សាហកម្ម ជាពិសេស ឧស្សាហកម្ម​ស្វាយ​ចន្ទី​នៅ​កម្ពុជា ព្រម​ទាំង​ស្វែងយល់​ពី​សក្ដានុពល​សេដ្ឋកិច្ច​របស់​កម្ពុជា​ផង​ដែរ ដើម្បី​អាច​ឈាន​ដល់​ការ​សម្រេច​ចិត្ត​ទម្លាក់​ទុន​វិនិយោគ​ណា​មួយ។

តាមដានជាមួយយើង៖ Million Times

កាលពី​ថ្ងៃ១១ ខែ​កុម្ភៈ ឆ្នាំ ២០២៥ កន្លង​ទៅ​នៅ​ទីស្ដីការ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក ជា វុទ្ធី អគ្គលេខាធិការ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា បាន​ទទួល​ជួប​លោក Daniel Spitzer ប្រធាន និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Mountain Hazelnuts ព្រម​ទាំង​លោក Andreas Groetschel អគ្គនាយក​ក្រុមហ៊ុន Kamya។

ក្រុមហ៊ុន​បរទេស​ទាំង ២ ​មាន​ចេតនា​របស់​ក្នុង​ការ​វិនិយោគ​លើ​វិស័យ​កសិ-ឧស្សាហកម្ម​ស្វាយ​ចន្ទី ដែល​ជា​វិស័យកំពុង​រីក​ចម្រើន​របស់​ប្រទេស​កម្ពុជា។

អគ្គលេខាធិការ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា បានអរ​គុណ​ដល់​​វិនិយោគិន​បរទេស​ទាំង ២ ក្រុម ដែល​បាន​ចាប់​អារម្មណ៍​បណ្ដាក់​ទុន​វិនិយោគ ក្នុង​វិស័យ​ស្វាយ​ចន្ទី​នៅ​កម្ពុជា។ លោកក៏​បាន​ប្រាប់​ដល់​លោក Daniel និង Andreas ពី​ការ​គាំទ្រ និង​លើក​ទឹកចិត្ត​ពី​សំណាក់​រាជរដ្ឋាភិបាល លើ​គម្រោង​វិនិយោគ​វិស័យ​ស្វាយ​ចន្ធី​នេះ​ជាច្រើន។ ពិសេស​គំនិត​ផ្ដួចផ្ដើម​របស់​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុង​ការ​បង្កើត​សួន​ឧស្សាហកម្ម​ស្វាយ​ចន្ទី ដែល​នឹង​ជួយ​បង្កើន​ភាព​អំណោយ​ផល​នៃ​បរិយាកាស​ធុរកិច្ច ក្នុង​វិស័យ​អាទិភាព​នេះ​នៅ​កម្ពុជា។

លោក ជា វុទ្ធី បាន​បង្ហាញ​ពី​ខ្សែ​សង្វាក់​តម្លៃ​នៃ​ឧស្សាហកម្ម​ស្វាយ​ចន្ទី ដែល​រាប់​ចាប់​តាំងពី​ផ្នែក​ខាង​លើ (upstream) ហើយ​ពាក់ព័ន្ធ​នឹង​ការ​ប្រមូល​ទិញ ទី​លាន​សម្ងួត និង​ឃ្លាំង​ស្តុក​ទុក​គ្រាប់​ស្វាយចន្ទី។ ដោយ​អគ្គលេខាធិការ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​រូប​នេះ ស្នើ​ឲ្យ​ក្រុមហ៊ុន​មេត្តា​ពិនិត្យ​លទ្ធភាព​ចូលរួម​វិនិយោគ​ក្នុង​ផ្នែក​ណា​មួយ​របស់​ខ្សែ​សង្វាក់​តម្លៃ ព្រម​ទាំង​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ក្រុមហ៊ុន​បន្ត​សិក្សា​សមិទ្ធិ​លទ្ធភាព​នៃ​ការ​បណ្ដាក់​ទុន​វិនិយោគ​នៅ​កម្ពុជា។

គួរ​បញ្ជាក់​ថា តាំងពី​ចុងឆ្នាំ ២០២៤ រហូត​មក​ដល់​ដើម​ឆ្នាំ ២០២៥ នេះ មាន​វិនិយោគិន​របស់​បរទេស​ជាច្រើន​បាន​ចូល​មក​សិក្សា​ពី​ដំណាំ​ស្វាយ​ចន្ធី​កម្ពុជា មាន​ទាំង​អឺរ៉ុប និង​ក្រុមហ៊ុន​ប្រទេស​នៅអាស៊ី៕

​អត្ថបទ៖ មេរ៉ា, រូបភាព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ARDB TV