សភាពាណិជ្ជកម្មកម្ពុជា រៀបចំពិព័រណ៍ពាណិជ្ជកម្មជីអេស១កម្ពុជា ៨៨៤ ដំបូងបំផុត ផ្ដល់ឱកាសឲ្យ SMEs ពង្រឹងផលិតកម្ម និងពង្រីកទីផ្សារ

នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ សភាពាណិជ្ជកម្មកម្ពុជា បានរៀបចំពិធីបើកសិក្ខាសាលាអមពិព័រណ៍ពាណិជ្ជកម្មជីអេស១កម្ពុជា ៨៨៤ ជាលើកដំបូង ក្នុងគោលបំណងត្រួសត្រាយផ្លូវដល់សិប្បករ, ផលិតករ, សហគ្រាសធុនតូច និងមធ្យម ឲ្យមានទំនាក់ទំនងគ្នាចាប់យកគំនិត និងបច្ចេកវិទ្យាថ្មីៗ ដើម្បីធ្វើបច្ចុប្បន្នភាពលើអាជីវកម្មរបស់ខ្លួន ក្នុងការពង្រឹងផលិតកម្ម និងពង្រីកទីផ្សារ។

តាមដានជាមួយយើង៖ Million Times

ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានមានប្រសាសន៍ថា ការចូលរួមសហការរបស់ម្ចាស់ឧបត្ថកម្មវិធី, ដៃគូសហការ និងការខិតខំប្រឹងប្រែងរបស់ក្រុមការងារ ស្ថាប័នជីអេស១កម្ពុជានៃសភាពាណិជ្ជកម្មកម្ពុជា ក្នុងការរៀបចំសិក្ខាសាលានេះ ផ្តោតសំខាន់លើចរាចរផលិតផលខ្មែរលើទីផ្សារក្នុងស្រុក និងការនាំចេញទៅទីផ្សារអន្តរជាតិ, បច្ចេកវិទ្យាសម្រាប់ជំរុញឲ្យផលិតកម្ម និងការដឹកជញ្ជូនឈានទៅរកប្រសិទ្ធិភាពខ្ពស់, ការអភិវឌ្ឍផលិតផលកម្ពុជាឲ្យកាន់តែមានគុណភាព សុវត្ថិភាព តម្លៃល្អ និងស្តង់ដារ ព្រមទាំងជំរុញទីផ្សារផលិតខ្មែរលើទីផ្សារតាមរយៈម៉ាកយីហោ និងភាពត្រឹមត្រូវនៃស្តង់ដារបារកូដផងដែរ។

ឧកញ៉ា ងួន ម៉េងតិច បានបន្តថា ការប្រើប្រាស់បារកូដ គឺផ្តល់អត្ថប្រយោជន៍ជាច្រើន ដូចជា៖ ប្រសិទ្ធភាពក្នុងការបង្ហាញពីប្រភពដើមនៃផលិតផល, កាត់បន្ថយកំហុសឆ្គង ហានិភ័យ ចំណេញពេលវេលា ក្នុងសង្វាក់ផលិតកម្ម, លើកកម្ពស់ផលិតផលឲ្យមានការទទួលស្គាល់ជាលក្ខណៈស្តង់ដារ, ងាយស្រួលក្នុងការគ្រប់គ្រងស្តុក ជាពិសេសងាយស្រួលចរាចរ និងចែកចាយផលិតផលនៅលើផ្សារទំនើប, ងាយស្រួលក្នុងការនាំចេញទៅទីផ្សារអន្តរជាតិ, បង្កើនទំនាក់ទំនងរវាងក្រុមហ៊ុន និងក្រុមហ៊ុន, បទដា្ឋនតែមួយចំពោះដៃគូរពាណិជ្ជកម្មទាំងអស់ក្នុងសកលលោក។

បើតាមអ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានក្រុមប្រឹក្សាប្រឹក្សាភិបាលនៃក្រុមហ៊ុនសម្ព័ន្ធ SAM SN GROUP និងជាសមាជិកសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ការរៀបចំសិក្ខាសាលានេះ គឺពិតជាល្អណាស់ ដើម្បីជួយផ្សព្វផ្សាយផលិតផលក្នុងស្រុករបស់កម្ពុជាទៅកាន់ប្រទេសជិតខាង និងទីផ្សារអន្តរជាតិ ឲ្យស្គាល់ច្បាស់ពីផលិតផលរបស់ខ្មែរ ដែលមានគុណភាពល្អមិនប្រើគីមីឡើយ។

អ្នកឧកញ៉ា បានជំរុញឲ្យប្រជាពលរដ្ឋខ្មែរជួយគាំទ្រនូវផលិតផលក្នុងស្រុករបស់ជាតិយើងឲ្យបានច្រើន ដើម្បីលើកទឹកចិត្តដល់អ្នកផលិត និងបង្កើតការងារនៅក្នុងស្រុកយើង ស្របពេលដែលយើងភាគច្រើនប្រើប្រាស់ផលិតផលដែលបាននាំចូលមកពីក្រៅប្រទេស។

ក្នុងឱកាសនោះដែរ លោក សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូនៅកម្ពុជា និងជាសមាជិកសភាពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា នាពេលបច្ចុប្បន្នសមាជិករបស់សមាគមគឺភាគច្រើនបានការប្រើប្រាស់បារកូដជីអេស១ គឺផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សហគ្រិន ដើម្បីឲ្យពួកគាត់អាចនាំចេញផលិតផលទៅក្រៅប្រទេស ដូចជា អាស៊ាន, ចិន និងអឺរ៉ុប ស្របតាមស្តង់ដារ ទាំងការវេចខ្ចប់ និងគុណភាពខ្ពស់តាមរយៈបារកូដជីអេស១។

សូមបញ្ជាក់ថា ស្ថាប័នជីអេស១កម្ពុជា គឺជាស្ថាប័នមិនស្វែងរកប្រាក់ចំណេញ បានទទួលអាជ្ញាប័ណ្ណពីជីអេស១ អន្តរជាតិ នៅក្នុងឆ្នាំ ២០០៣ និងជាសមាជិកទី១០០ នៃសមាជិកទាំង ១១៨ ប្រទេស ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងព្រុចស៊ែល ប្រទេសបេស្សិក។ ជីអេស១កម្ពុជា ស្ថិតនៅក្រោមការគ្រប់គ្រងរបស់សភាពាណិជ្ជកម្មកម្ពុជា និងជាស្ថាប័នតែមួយគត់ ដែលមានសិទ្ធិក្នុងការគ្រប់គ្រងបែងចែកលេខបារកូដ នៅព្រះរាជាណាចក្រកម្ពុជា៕