លោក ង្វៀន មិញ វូ (NGUYEN Minh Vu) ឯកអគ្គរដ្ឋទូតថ្មីរបស់វៀតណាមប្រចាំនៅកម្ពុជា បានប្រកាសលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដើម្បីជំរុញឱ្យសម្រេចបាននូវគោលដៅទំហំពាណិជ្ជកម្ម ២០ពាន់លានដុល្លាអាមេរិក ដែល ថ្នាក់ ដឹកនាំនៃប្រទេសទាំងពីរបានដាក់ចេញ។
ការប្តេជ្ញាចិត្តរបស់ឯកអគ្គរដ្ឋទូតវៀតណាមថ្មី ធ្វើឡើងនៅព្រឹកថ្ងៃពុធ ទី១២ ខែកុម្ភៈនេះ ក្នុងពេលដែលសម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានអនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។


ស្ថិតក្នុងជំនួបនោះ លោកឯកអគ្គរដ្ឋទូត បានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាអំពីទិសដៅការងារក្នុងការបំពេញបេសកកម្មរបស់លោកនៅកម្ពុជា រួមមាន៖ ការបន្តលើកកម្ពស់កិច្ចសហប្រតិបតិ្តការនយោបាយ និងការទូត តាមរយៈការជំរុញការផ្លាស់ប្តូរទស្សនកិច្ចនៅគ្រប់កម្រិតជាន់ថ្នាក់ និងក្រោមក្របខណ្ឌសភា, លើកកម្ពស់កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងការបង្រ្កាបបទល្មើសឆ្លងដែន, លើកកម្ពស់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ក៏ដូចជាយុវជន និងលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដើម្បីជំរុញឱ្យសម្រេចបាននូវគោលដៅទំហំពាណិជ្ជកម្ម ២០ពាន់លានដុល្លាអាមេរិកដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានដាក់ចេញ។
លោកក៏បានថ្លែងអំណរគុណចំពោះការជួយគាំទ្រដល់ប្រជា ជនវៀតណាមក្នុងការប្រកបរបររកស៊ី និងជំរុញឱ្យមានវិនិយោគិនវៀតណាមមកកម្ពុជាបន្ថែមទៀត។

នៅក្នុងជំនួបដដែលនោះ សម្តេច ហ៊ុន សែន ក៏បានសម្តែងការគាំទ្រចំពោះទិសដៅភារកិច្ចរបស់ឯកអគ្គរដ្ឋទូតដែលបានដាក់ចេញក្នុងបេសកកម្មនៅកម្ពុជា។ នៅក្នុងបរិបទនេះ សម្តេចបានផ្តល់អនុសាសន៍ឱ្យយកចិត្តទុកដាក់ផ្តោតលើការតភ្ជាប់ និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរជាស្នូល ដើម្បីជាមូលដ្ឋានជំរុញបន្ថែមនូវទំនាក់ទំនង ផ្នែក នយោបាយ។
ក្រៅពីក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់នានា សម្តេចប្រធានព្រឹទ្ធសភាបានស្នើឱ្យមានការពង្រឹងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ដោយសង្កេតឃើញថា សេដ្ឋកិច្ចប្រទេសទាំងពីរមាន លក្ខណៈ បំពេញបន្ថែមឱ្យគ្នា។ សម្តេចបានចង្អុលបង្ហាញថា វៀតណាម បានក្លាយជាទីផ្សារកសិផលរបស់កម្ពុជា ដូចជាគ្រាប់ស្វាយចន្ទី និងស្រូវ ហើយកម្ពុជាក៏មានតម្រូវការទំនិញនានាពីវៀតណាមផងដែរ។
បន្ថែមពីលើនេះ សម្តេចបានគូសបញ្ជាក់ថា ទោះបីកម្ពុជាបានដកខ្លួនពីក្របខ័ណ្ឌ CLV-DTA ពិតមែន តែកិច្ចសហប្រតិបត្តិការរវាងភាគីទាំងបីត្រូវបានពង្រីកពីលក្ខណៈតំបន់ទៅជាកម្រិតប្រទេស ហើយប្រទេសទាំងបី នឹងបន្តពង្រឹងយន្តការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងនៅក្នុងក្របខណ្ឌបក្ស រដ្ឋាភិបាល និងសភា៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ CPP News