តើកុមារាបង្ហាញខ្លួនជាមួយ Elon Musk នៅការិយាល័យពងក្រពើជានរណា?

កាលពីថ្ងៃអង្គារ ទី១១ ខែកុម្ភៈ មហាសេដ្ឋី Elon Musk បានបង្ហាញវត្តមាននៅការិយាល័យពងក្រពើ រួមជាមួយវត្តមានកុមារាម្នាក់ ដែលត្រូវបានគេស្គាល់ថា ជាកូនប្រុសបង្កើតមានឈ្មោះថា X Æ A-Xii។

តាមដានជាមួយយើង៖ Million Times

កុមារា X Æ A-Xii ដែលគេនិយមហៅតែឈ្មោះ X គឺជាកូនប្រុសរបស់លោក Elon Musk និងអតីតមិត្តស្រី Grimes និងបានកើតនៅក្នុងខែឧសភា ឆ្នាំ២០២០។ កាលចាប់កំណើតភ្លាម វត្តមានរបស់គេបានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល ព្រោះតែឪពុកខ្លួនបានដាក់ឈ្មោះយ៉ាងចម្លែក ដោយដំបូងឡើយគឺមានឈ្មោះ X Æ A-12 ប៉ុន្តែក្រោយមកប្ដូរវិញ ដើម្បីឲ្យស្របច្បាប់សំបុត្រកំណើតនៅរដ្ឋកាលីហ្វ័រញ៉ា។

លោក Musk ធ្លាប់បង្ហើបប្រាប់ពីការអានឈ្មោះកូនរបស់លោក ដោយបាននិយាយថា អាចហៅគេថា X ចំណែកឯអក្សរ Æ ត្រូវអានថា “Ash” ខណៈកុមារាម្នាក់នេះ គឺជាកូនទី០៧ ក្នុងចំណោមកូនៗទាំង ១២រូបរបស់មនុស្សកំពូលលុយរូបនេះ។

វត្តមានរបស់កុមារា X នៅការិយាល័យពងក្រពើ ទទួលបានចំណាប់អាម្មណ៍ជាខ្លាំង ដ្បិតវាមិនមែនជារឿងធម្មតាទេ ដែលមានក្មេងតូចៗអាចចូលទៅក្នុងការិយាល័យប្រធានាធិបតីអាមេរិក ទាំងដែលកំពុងមានកម្មវិធីផ្លូវការ។ មតិសាធារណៈមួយចំនួនអះអាងថា លោក Musk បានយកក្មេងជារនាំង ដើម្បីការពារខ្លួន ដ្បិតបច្ចុប្បន្នលោកកំពុងប្រឈមនឹងការរិះគន់ខ្លាំង ជុំវិញការស្នើឲ្យបិទទីភ្នាក់ងាររដ្ឋាភិបាលជាច្រើន។

យ៉ាងណា Elon Musk មិនបានបង្ហើបប្រាប់ទីមូលហេតុ ដែលលោកនាំ X ចូលការិយាល័យពងក្រពើឡើយ ប៉ុន្តែកន្លងមកលោកធ្លាប់បង្ហើបថា មានបំណងចង់ចំណាយពេលវេលាជាមួយកូនៗ ឲ្យបានច្រើនជាងមុន បើទោះជាលោកមមាញឹកជាមួយការងារខ្លាំងបែបណាក៏ដោយ៕

អត្ថបទ៖ Luffy រូបភាព៖ Page Six / Independence