ប្រធានាធិបតីអាមេរិក Donald Trump បានដាក់ក្ដីរំពឹងខ្ពស់ថា មហាសេដ្ឋី Elon Musk នឹងរកឃើញនូវការក្លែងបន្លំទឹកប្រាក់ ក៏ដូចជាការរំលោភបំពានផ្សេងៗក្នុងមន្ទីរបញ្ចកោណ អំឡុងពេលមហាសេដ្ឋីអាមេរិករូបនេះ ដឹកនាំការធ្វើសវនកម្ម។
ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា កញ្ចប់ចំណាយរបស់មន្ទីរបញ្ចកោណក្នុងមួយឆ្នាំៗ គឺមានចំនួនជិត ១ទ្រីលានដុល្លារ ខណៈលោក Trump យល់ឃើញថា ការចំណាយច្រើនបែបនេះ អាចជាបញ្ហាបង្កឡើងដោយអំពើពុករលួយ និងកិបកេងថវិការដ្ឋ។


មហាសេដ្ឋីមានបំផុតលើលោក Elon Musk ត្រូវបានសេតវិមានចាត់តាំងជាបុគ្គលិកពិសេសរបស់រដ្ឋាភិបាល ទទួលបន្ទុកលើវិធានការកាត់បន្ថយការចំណាយរបស់រដ្ឋ។ អំឡុងពេលអនុវត្តវិធានការនេះ Musk ទាមទារចូលឆែកទិន្នន័យសំងាត់ផ្សេងៗ នៅតាមនាយកដ្ឋានធំៗរបស់រដ្ឋាភិបាល ដែលបង្កជាភាពចលាចលយ៉ាងខ្លាំងផងដែរ។
គួររំលឹកបន្តិចថា មេដឹកនាំមកពីគ្រប់មជ្ឈដ្ឋាននយោបាយបានរិះគន់ការខ្ជះខ្ជាយ និងអប្រសិទ្ធភាពនៅមន្ទីរបញ្ចកោណជាយូរមកហើយ និងបានគាំទ្រដល់ការធ្វើសវនកម្មរបស់ Elon Musk។
ប៉ុន្តែអ្នកគាំទ្របក្សប្រជាធិបតេយ្យមួយចំនួនអះអាងថា នាយកដ្ឋានប្រសិទ្ធភាពការងាររដ្ឋាភិបាល DOGE មិនទាន់មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការរៀបចំរចនាសម្ព័ន្ធមន្ទីរបញ្ចកោណឡើងវិញ ហើយកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ប្រថុយនឹងការលាតត្រដាងនូវកម្មវិធីសំងាត់ៗរបស់រដ្ឋាភិបាល៕
អត្ថបទ៖ Luffy រូបភាព៖ Global News