រដ្ឋមន្រ្តីហិរញ្ញវត្ថុហ្វីលីពីន ក្រាលកម្រាលព្រំក្រហមស្វាគមន៍សម្តេច ហ៊ុន ម៉ាណែត ដល់ជណ្តើរយន្តហោះ

ក្រោយហោះហើរប្រមាណជាង ៤ម៉ោងពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃចន្ទនេះ តាមរយៈយន្តហោះពិសេសសម្តេច ហ៊ុន ម៉ាណែត បានដឹកគណៈប្រតិភូកម្ពុជាមកដល់អាកាសយានដ្ឋានយោធា Maharlika, Villamor Air Base ប្រទេសហ្វីលីពីន ប្រកបដោយសុវត្តិភាព។

ក្នុងឱកាសដឹកនាំគណ:ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា មកដល់អាកាសយានដ្ឋានយោធា Maharlika, Villamor Air Base សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ត្រូវបានទទួលការស្វាគមន៍យ៉ាងស្និទ្ធស្នាលបំផុតពីលោក Ralph G. Recto រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុហ្វីលីពីន លើកម្រាលព្រំដល់ជណ្តើរយន្តហោះដែលតុបតែងដោយកម្រងផ្កា ព្រមទាំងឥស្សរជនផ្សេងទៀត។

តាមដានជាមួយយើង៖ Million Times

តបតាមការអញ្ជើញរបស់លោក Ferdinand R. Marcos Jr. ប្រធានាធិបតីហ្វីលីពីន សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាបំពេញទស្សនកិច្ចផ្លូវការរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២៥។

លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យនាយករដ្ឋមន្រ្តីបានថ្លែងថា ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចនាយករដ្ឋមន្ត្រី នឹងមានជំនួបទ្វេភាគីជាមួយប្រធានាធិបតីហ្វីលីពីន ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី តំបន់ និងអន្តរជាតិ ។ បន្ទាប់ពីជំនួបពិភាក្សានេះថ្នាក់ ដឹកនាំទាំងពីរ នឹងចូលរួមជាអធិបតីក្នុងពិធីផ្លាស់ប្តូរឯកសារកិច្ចសហប្រតិបត្តិការដែលបានចុះហត្ថលេខា មួយចំនួនផងដែរ។

លោកបន្តថា សម្តេច ហ៊ុន ម៉ាណែត នឹងជួបពិភាក្សាការងារដាច់ដោយឡែកជាមួយប្រធានព្រឹទ្ធសភា និងប្រធានរដ្ឋសភាហ្វីលីពីន។ លើសពីនេះ សម្តេចក៏នឹងផ្តល់កិត្តិយសថ្លែងសុន្ទរកថាបើក ក្នុងវេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន ព្រមទាំងជួបជាមួយបណ្តាក្រុមហ៊ុនហ្វីលីពីន ផងដែរ។

បើតាមលោក មាស សុភ័ណ្ឌ ដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេច ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសហ្វីលីពីននឹងផ្តល់សន្ទុះថ្មីក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អដែល មានស្រាប់រវាងប្រទេសទាំងពីរ៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ផេកនាយករដ្ឋមន្រ្តី