វិស្វករ នៅ ស៊ីនិត និងជាអ្នកម៉ៅការសំណង់ដ៏ល្បីឈ្មោះមួយរូប បានទម្លាយឲ្យដឹងពីការតស៊ូរបស់អតិថិជនខ្លួន ដែលសុខចិត្តមកធ្វើការយ៉ាងលំបាកលំបិននៅរាជធានីភ្នំពេញ និងខ្ចីបុលគេបន្ថែម ដើម្បីបង្គ្រប់ប្រាក់ ធ្វើផ្ទះជូនអ្នកមានគុណនៅស្រុកកំណើត។



លោក នៅ ស៊ីនិត បានសរសើរពីភាពកតញ្ញូរបស់អតិថិជនខ្លួន ខិតខំធ្វើយ៉ាងណាឲ្យអ្នកមានគុណ បានសោយសុខនៅវ័យចាស់ជរា។ អ្នកម៉ៅការសំណង់រូបនេះ បានបង្ហោះរូបភាព និងពាក្យពេចន៍ចាក់ដោតវែងអន្លាយពីការចេះដឹងគុណរបស់កូនប្រុសស្រី ត្រូវជាអតិថិជនខ្លួនយ៉ាងដូច្នេះថា “កតញ្ញូណាស់បងប្រុសបងស្រី សុខចិត្តមកធ្វើការយ៉ាងលំបាកនៅភ្នំពេញ ហើយថែមទាំងខ្ចីលុយធនាគារធ្វើផ្ទះជូនអ្នកមានគុណ អោយបានផ្ទះថ្មផ្ទះវីឡាជូនឪពុកម្តាយដែលមនវ័យចាស់ជរានៅឯស្រុកកំណើតអោយពួកគាត់សប្បាយចិត្ត និងរីករាយបំផុត មើលតែមុខលោកតាទៅដឹងហើយថាគាត់សប្បាយចិត្ត និងរីករាយប៉ុនណា“។
ម៉ូដផ្ទះដែលវិស្វករ នៅ ស៊ីនិត ធ្វើជូនអតិថិជនមានតម្លៃតែ ២ ម៉ឺនដុល្លារប៉ុណ្ណោះ ម៉ៅដាច់ទាំងសម្ភារៈ និងកម្លាំងពលកម្ម មាន២ បន្ទប់គេង ១ បន្ទប់ទឹក បន្ទប់ទទួលភ្ញៀវ ហើយក៏អាចច្នៃដាក់ផ្ទះបាយខាងក្នុងក៏បានដែរ ប្រសិនបើអតិថិជនចង់បាន។ លោកបានបញ្ជាក់យ៉ាងច្បាស់ថា ទោះផ្ទះនេះតូចហើយមានតម្លៃទាបក៏ពិតមែន ប៉ុន្តែគុណភាពសំណង់ និងសម្ភារៈប្រើប្រាស់ គឺនៅតែស្តង់ដារតែមួយជាមួយវីឡាផ្សេងៗដែលបានសាងសង់កន្លងមក។


វិស្វករ ស៊ីនិត ក៏បានបន្ថែមយ៉ាងជឿជាក់ថា កូនដែលមានទឹកចិត្តកតញ្ញូចំពោះអ្នកមានគុណដូចនេះ តែងតែធ្វើការរកស៊ីរីកចម្រើន មានបានលឿនណាស់ ព្រោះខ្លួនលោកផ្ទាល់ក៏បាន និងកំពុងធ្វើរឿងនេះ ជូនអ្នកមានគុណរហូតមកដែរ។
ដូចនេះហើយវិស្វករដែលល្បីឈ្មោះសាងសង់អាគារ និងផ្ទះជាច្រើនមកហើយនោះ សំណូមពរឲ្យមហាជនទាំងឡាយកតញ្ញូចំពោះឪពុកម្ដាយ ទោះតូចក្ដីធំក្ដី បើចាំដល់ពេលមានលទ្ធភាព វាអាចនឹងហួសពេល ធ្វើឲ្យយើងមានវិប្បដិសារី ដែលមិនបានបំពេញភាពកតញ្ញូជូនពួកគាត់។
ជាចុងក្រោយវិស្វករ នៅ ស៊ីនិត បានបញ្ជាក់ថា ក្រុមហ៊ុនលោមទទួលម៉ៅមិនថាតម្លៃខ្ពស់ ឬទាបប៉ុនណាក៏ទទួលធ្វើសាងសង់ទាំងអស់ដែរ៕






អត្ថបទ៖ មេរ៉ា, រូបភាព, Panha Rith