របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចេញផ្សាយកន្លងទៅ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន BYD បានបណ្ដាក់ទុនក្នុងការបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តនៅក្នុងប្រទេសកម្ពុជា ដោយបានជ្រើសរើសទីតាំងនៅខេត្តព្រះសីហនុ ក្នុងទំហំទឹកប្រាក់ដំបូង ៣២ លានដុល្លារ។


ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា រោងចក្រផ្គុំដំឡើងរថយន្តមួយ ត្រូវបានបោះទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលគម្រោងនេះនឹងផ្ដល់ការងារដល់ប្រជាពលរដ្ឋ ជាង ២០០ កន្លែង ។
តាមរយៈគម្រោងរោងចក្រផ្គុំដំឡើងរថយន្តនេះ នឹងធ្វើឲ្យកម្ពុជាមានរោងចក្រដំឡើងរថយន្តក្នុងស្រុកបន្ថែមមួយទៀត បន្ទាប់ពីរោងចក្រផ្គុំដំឡើងរថយន្តតូយ៉ូតារបស់ជប៉ុន ដែលបានបើកសម្ពោធដំណើរការ កាលពីថ្ងៃ២ ខែឧសភា ឆ្នាំ ២០២៤។

ពេលនេះក្រុមហ៊ុនផលិតរថយន្ត BYD កំពុងសាងសង់រោងចក្រផ្គុំដំឡើងរថយន្តអគ្គិសនីរបស់ខ្លួននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ហើយរោងចក្រនេះនឹងអាចរួចរាល់នៅចុងឆ្នាំ២០២៥ខាងមុខ។
កំណើនអ្នកប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា មានចំនួនកាន់តែច្រើនៗពីមួយឆ្នាំទៅមួយឆ្នាំ ជាក់ស្ដែងកាលពីឆ្នាំ ២០២៤ កន្លងទៅ ចំនួនយានយន្តអគ្គិសនីចុះបញ្ជីនៅក្រសួងសាធារណការនិងដឹកជញ្ជូនមាន ៧៥៧គ្រឿង បើប្រៀបធៀបនឹងឆ្នាំ ២០២៣ មានកំណើនរហូតដល់៣១២ភាគរយ៕
អត្ថបទ៖ មេរ៉ា, រូបភាព៖ អ៊ីនធឺណិត