មេដឹកនាំ​ចិន និង​ថៃ ប្រកាសបង្កើន​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន

នៅថ្ងៃព្រហស្បតិ៍នេះ មេដឹកនាំចិន និងថៃ បានប្រកាសពង្រឹងកិច្ចសហប្រតិបត្តិការច្បាប់បន្ថែមទៀត បង្ក្រាបជនឆបោកតាមប្រព័ន្ធអនឡាញ និងឧក្រិដ្ឋកម្មផ្សេងទៀត។ 

ទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ បាននិយាយថា ប្រធានាធិបតីចិន លោក Xi Jingping បានអំពាវនាវឱ្យប្រទេសទាំងពីរ បន្តកិច្ចសហប្រតិបត្តិការ ដើម្បីទប់ស្កាត់សកម្មភាពឧក្រិដ្ឋកម្មនៅក្នុងតំបន់ ដើម្បីការពារប្រជាជន។

តាមដានជាមួយយើង៖ Million Times

នាយករដ្ឋមន្ត្រីថៃលោកស្រី Paetongtarn Shinawatra បាននិយាយថា ប្រទេសថៃមានឆន្ទៈក្នុងការធ្វើការជាមួយចិន និងប្រទេសជិតខាងផ្សេងទៀត ដើម្បីបញ្ចប់ការឆបោកតាមអនឡាញ ការក្លែងបន្លំ ល្បែងស៊ីសង និងសកម្មភាពខុសច្បាប់ផ្សេងទៀត។ ការលើក​ឡើង​បែបនេះ​ក្នុង​កិច្ច​ពិភាក្សា​នៅ​វិមានប្រជាជន​ក្នុង​ទីក្រុង​ប៉េកាំង​ក្នុង​ថ្ងៃ​ទី​ពីរ​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​ ៤ថ្ងៃ​របស់​លោកស្រី Paetongtarn នៅ​ប្រទេស​ចិន។

ជំនួបនោះ លោក Xi បានថ្លែងអំណរគុណដល់លោកស្រី Paetongtarn សម្រាប់វិធានការណ៍ដ៏រឹងមាំរបស់ថៃប្រឆាំងនឹងក្រុមជនឆបោកតាមអនឡាញមកលើប្រជាជនចិន ដែលថ្មីៗនេះ ថៃបានបិទការផ្គត់ផ្គង់អគ្គិសនីទៅកាន់តំបន់ជាប់ព្រំដែនមីយ៉ាន់ម៉ា។

លោកបន្ថែមថា “ភាគីទាំងពីរត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ ការអនុវត្តច្បាប់ និងកិច្ចសហប្រតិបត្តិការតុលាការ ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន”។

អ្នកនាំពាក្យក្រសួងការពារជាតិថៃ លោក Thanathip Sawangsang បាននិយាយថា ខណៈដែលអ្នកទាំងពីរកំពុងជួបគ្នា មនុស្ស ៦១នាក់ត្រូវបានជួយសង្គ្រោះពីទីតាំងឆបោកតាមអនឡាញក្នុងប្រទេសមីយ៉ាន់ម៉ាកំពុងត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសថៃវិញ។ លោកថា មានជនជាតិចិនប្រហែល ៣៤ នាក់ ក្រោពីនោះមានមកពីប្រទេសឥណ្ឌូណេស៊ី អេត្យូពី និងបណ្តាប្រទេសផ្សេងទៀតក្នុងទ្វីបអាហ្រ្វិក។ លោកថ្លែងទៅកាន់កាសែត AFP ។

នៅក្នុងជំនួបជាមួយប្រធានាធិបតីចិន លោកស្រី Paetongtarn បាននិយាយថា ប្រទេសថៃបានដាក់ផែនការស្ទាក់ចាប់សមាជិកក្រុមឧក្រិដ្ឋជន ដែលប្រើប្រាស់ទឹកដីថៃជាចំណុចឆ្លងកាត់ទៅកាន់ប្រទេសផ្សេងទៀត តាមរយៈប្រព័ន្ធប្រកាសអាសន្នជាមួយប្រទេសចិន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ពីវិមានរដ្ឋាភិបាល។ លោកស្រី​ក៏​បាន​ធានា​សុវត្ថិភាព​សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​ប្រទេស​ថៃផង​ដែរ​៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ Government House