កំពង់ផែសមុទ្រកម្ពុជា ទទួលនាវាទេសចរណ៍យក្ស ២ គ្រឿង នាំភ្ញៀវចម្រុះជាតិសាសន៍​ជាង ២ពាន់នាក់មកសំចត

នាវា​ទេសចរណ៍ ២ គ្រឿង​ដែលមាន​ភ្ញៀវ​បរទេស​ចម្រុះ​ជាតិសាសន៍​ជាង ២ ០០០នាក់បានចូលសំចតតាម​ច្រក​កំពង់​ផែ​សមុទ្រ​ខេត្ត​ព្រះសីហនុ នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈនេះ។

តាមដានជាមួយយើង៖ Million Times

មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឲ្យដឹងថា នាវា​ខ្នាត​យក្សចំនួន ២គ្រឿង ​បាន​នាំ​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិសាសន៍​ជាច្រើន​ពាន់​នាក់ មក​ចូល​សំចត ធ្វើ​ទស្សនកិច្ច​នៅ​​កម្ពុជា​រយៈពេល​មួយ​ថ្ងៃ តាមច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកប​ដោយ​សុវត្ថិភាព។ ដោយ​មាន​ការ​ទទួល​ស្វាគមន៍​ពី​ក្រុម​ឆៃយ៉ាំ​ផងដែរ និង​ក្រុម​ការងារ​ជាច្រើន​ផង​នោះ ភ្ញៀវ​ម្នាក់​ៗ​មើល​ទៅ​តាម​ទឹកមុខ​ពិតជា​សប្បាយ​រីករាយ​ខ្លាំង ពេល​មក​ដល់​កម្ពុជា។

នាវាទី១ ឈ្មោះ NOORDAM សញ្ជាតិ​ហូឡង់ មាន​ភ្ញៀវទេសចរចម្រុះជាតិសាសន៍ ១ ៩០៩ នាក់ ក្នុង​នោះ​ស្រី ៩៨៣ នាក់ ស្មើនឹង ៤២ សញ្ជាតិ និង​មាន​នាវិក​សរុប ៧៨៥ នាក់ ដោយ​ស្រី ១៣៩ នាក់ ស្មើ​នឹង ៣៩ សញ្ជាតិ។ NOORDAM បានធ្វើដំណើរចាកចេញពីប្រទេសថៃ ចូល​សំចត​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ កាលពីវេលាម៉ោង៧ និង ៣០នាទីព្រឹក ថ្ងៃ​ព្រហស្បតិ៍ និង​មាន​គម្រោង​ចាកចេញ​ពី​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ ​ម៉ោង២១ ថ្ងៃ​ដដែល ឆ្ពោះ​ទៅ​កាន់​កំពង់ផែ​ប្រទេស​វៀតណាម។ ភ្ញៀវ​ទេសចរ​ធ្វើ​ដំណើរ​តាម​នាវា NOORDAM មានសញ្ជាតិ​ច្រើន​ជាង​គេ​គឺ​អាមេរិក ៩២៥ នាក់។ ភ្ញៀវទេសចរចុះពីនាវាចេញទៅកម្សាន្តនៅអង្គរ ខេត្តសៀមរាប ៤០ នាក់ ស្រី ២៣ នាក់ ស្មើ​នឹង​៦ សញ្ជាតិ។

ចំណែក​នាវា​ទេសចរណ៍​ទី២ ឈ្មោះ ZHAO SHANG YIDUN របស់​ប្រទេស​ចិន មានភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិសាសន៍ ២៦៣ នាក់ ក្នុង​នោះ​មាន​ស្រី ១៤៣ នាក់ និង​មាន ២១ សញ្ជាតិ ព្រម​ជាមួយ​ នាវិក ៣៥០ នាក់ ស្រី ៩៩ នាក់ ស្មើ​នឹង ១ សញ្ជាតិ។ នាវា ZHAO SHANG YIDUN បាន​ធ្វើ​ដំណើរ​ចាកចេញ​ពី​ប្រទេស​ថៃ ចូល​សំចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ កាលពី​ម៉ោង៨៖៥០ នាទី និង​មាន​គម្រោង​ចាកចេញ​ពី​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ ទៅ​កាន់​វៀតណាម ម៉ោង ២២ ថ្ងៃនេះ។ ភ្ញៀវ​បរទេស​ធ្វើដំណើរ​តាម​នាវា ZHAO SHANG YIDUN មាន​សញ្ជាតិ​ជប៉ុន​ច្រើន​ជាង​គេ​ពោល​គឺ​រហូត​ទៅ​ដល់ ១៦៦ នាក់។

បើតាមមន្រ្តីនៃមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ភ្ញៀវទេសចរបរទេសបានធ្វើដំណើរកម្សាន្តក្នុងខេត្តព្រះសីហនុនៅភូមិនេសាទទំនប់រលក សង្កាត់លេខ១ ទីប្រជុំជនផ្សារលើក្រុងព្រះសីហនុ តំបន់ទេសចរណ៍មាត់សមុទ្រ រូបសំណាកតោពីរ តំបន់វប្បធម៌ដូចជា វត្តឥន្ទញ្ញាណ វត្តជោតញ្ញាណក្នុងក្រុងព្រះសីហនុ។ តំបន់អភិឌ្ឍន៍ Boy of light រូបសំណាកព្រះថោងនាងនាគ មជ្ឈមណ្ឌលវិបស្សនាធុរៈគិរីនាគវ័ន (វត្តសមាធិ) ឃុំរាម ស្រុកព្រៃនប់៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ