សហជីពបុគ្គលិកសហព័ន្ធប្ដឹងក្រសួងរតនាគារអាមេរិក ជុំវិញការផ្ដល់ព័ត៌មានរសើបជូន DOGE

កាលពីថ្ងៃចន្ទ ទី០៣ ខែកុម្ភៈ សហជីពកម្មករសហព័ន្ធចំនួនបីនាក់ បានដាក់ពាក្យបណ្ដឹងទៅកាន់ក្រសួងរតនាគារអាមេរិក ជុំវិញការបើកដៃឲ្យនាយកដ្ឋានប្រសិទ្ធភាពការងាររដ្ឋាភិបាល DOGE របស់លោក Elon Musk អាចចូលយកព័ត៌មាន និងទិន្នន័យរសើបមួយចំនួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Insider។

នៅក្នុងពាក្យបណ្ដឹងដែលបានដាក់កាលពីថ្ងៃច័ន្ទ មេធាវីតំណាងឱ្យសម្ព័ន្ធសម្រាប់ពលរដ្ឋអាមេរិកចូលនិវត្តន៍ សហព័ន្ធបុគ្គលិករដ្ឋាភិបាលអាមេរិក និងសហភាពអន្តរជាតិបុគ្គលិកសេវាកម្មបាននិយាយថា លោក Scott Bessent លេខាធិការរតនាគារបានបំពានច្បាប់សហព័ន្ធ នៅពេលដែលគាត់បានចែករំលែកទិន្នន័យរបស់នាយកដ្ឋានជាមួយ DOGE ។

តាមដានជាមួយយើង៖ Million Times

មេធាវីតំណាងដើមបណ្ដឹងបាននិយាយថា «ច្បាប់សហព័ន្ធការពារព័ត៌មានផ្ទាល់ខ្លួន និងហិរញ្ញវត្ថុដ៏រសើបពីការបង្ហាញមិនត្រឹមត្រូវ និងការប្រើប្រាស់ខុស រួមទាំងការរារាំងការបង្ហាញព័ត៌មាន ដល់បុគ្គលគ្មានចំណេះដឹងផ្លូវច្បាប់ និងគ្មានភាពចាំបាច់។ នៅក្នុងសប្តាហ៍ដំបូងក្នុងនាមជាលេខាធិការរតនាគារ ចុងចោទ Bessent បានបំពានលើច្បាប់ទាំងនេះ»។

នៅក្នុងពាក្យបណ្ដឹងមួយនោះបានអះអាងថា លោក Musk និងបុគ្គលិក DOGE បានសម្រុកចូលការិយាល័យសេវាសារពើពន្ធ ដើម្បីទាមទារកំណត់ត្រាបុគ្គលិក ក៏ប៉ុន្តែត្រូវបានរារាំងដោយបុគ្គលិកប្រចាំការនៅទីនោះ។ តែក្រោយមកលោក Bessent បានបញ្ជាឲ្យបុគ្គលិកចេញក្រៅ ដើម្បីអនុញ្ញាតិឲ្យបុគ្គលិក DOGE អាចចូលយកកំណត់ត្រាទាំងនោះបាន។

គួររំលឹកបន្តិចថា ការិយាល័យសេវាសារពើពន្ធ គឺជានាយកដ្ឋានមួយស្ថិតក្រោមការក្រសួងរតនាគារ ដែលទទួលការខុសត្រូវលើបញ្ជីត្រួតពិនិត្យ រាល់ការចំណាយរបស់សហព័ន្ធទាំងអស់ រាប់បញ្ចូលទាំងប្រាក់ខែបុគ្គលិកផងដែរ។

ជម្រាបបន្ថែមថា ចាប់តាំងពីក្លាយជាប្រធាន DOGE លោក Elon Musk បានព្យាយាមប្រមែប្រមូលទិន្នន័យ ពាក់ព័ន្ធនឹងបញ្ជីចំណូលចំណាយសឹងតែគ្រប់នាយកដ្ឋាន ក្នុងគោលបំណងកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល ប៉ុន្តែការទាមទារទិន្នន័យរសើបទាំងនេះ បានធ្វើឲ្យនាយកដ្ឋានដទៃបង្ហាញការមិនពេញចិត្តជាមួយ Elon Musk ជាខ្លាំង៕

អត្ថបទ៖ Luffy រូបភាព៖ NYT / Yahoo