ភាពព្រួយបារម្ភរបស់ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ជុំវិញការផ្ដាច់ជំនួយពីអាមេរិក ត្រូវបានដោះស្រាយ បន្ទាប់ពីប្រធានាធិបតី Donald Trump ប្រាប់ថា បើចង់បានកញ្ចប់ជំនួយបន្ថែម ត្រូវយករ៉ែធម្មជាតិកម្រៗ មកប្ដូរគ្នា ខណៈភាគីទាំងសងខាងក៏បានព្រមព្រៀងជាមួយលក្ខខណ្ឌថ្មីនេះ។
ទីភ្នាក់ងារព័ត៌មាន AP បានចុះផ្សាយថា លោក Trump បានប្រាប់ទៅកាន់អ្នកកាសែតក្នុងការិយាល័យពងក្រពើថា អាមេរិកបានផ្ញើជំនួយទាំងផ្នែកយោធា និងសេដ្ឋកិច្ចទៅអ៊ុយក្រែន អំឡុងពេលធ្វើសង្គ្រាមជាមួយរុស្ស៊ី ដូច្នេះពួកគេគួរតែទទួលបានផលតបស្នងមកវិញខ្លះ។
ប្រធានាធិបតីអាមេរិកបានមានប្រសាសន៍ទៀតថា មេដឹកនាំអ៊ុយក្រែន Zelensky បានយល់ព្រមប្ដូររ៉ែធម្មជាតិរបស់ខ្លួន ជាមួយនឹងកញ្ចប់ជំនួយអាមេរិក សម្រាប់ការធ្វើសង្គ្រាមជាមួយរុស្ស៊ី។
គួររំលឹកបន្តិចថា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនបានឆាបឆេះអស់រយៈពេលជិត ៣ឆ្នាំហើយ ដែលបង្កការខូចខាតជាខ្លាំងដល់សេដ្ឋកិច្ចពិភពលោក ខណៈប្រធានាធិបតីអាមេរិក Donald Trump ធ្លាប់បានអះអាងថា លោកនឹងបញ្ចប់សង្គ្រាមមួយនេះឲ្យលឿនបំផុតតាមដែលអាចធ្វើទៅបាន អំឡុងពេលលោកអង្គុយកៅអីមេដឹកនាំអាមេរិក៕
អត្ថបទ៖ Luffy រូបភាព៖ AP