កំណត់ត្រាភ្ញៀវទេសចរណ៍បរទេស ដែលបានធ្វើដំណើរកម្សាន្តចូលក្នុងប្រទេសឥណ្ឌូណេស៊ី កាលពីឆ្នាំ២០២៤ បានបង្ហាញថាមានចំនួន ១៣,៩លាននាក់ កើនឡើង ១៩% បើធៀបនឹងឆ្នាំ២០២៣ និងជាតួលេខខ្ពស់បំផុតមួយក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ។
សារព័ត៌មាន VNExpress បានចុះផ្សាយថា ក្នុងចំណោមភ្ញៀវអន្តរជាតិដែលទៅកម្សាន្តនៅប្រទេសមានសេដ្ឋកិច្ចធំបំផុតក្នុងអាស៊ាន មានជនជាតិម៉ាឡេស៊ីច្រើនជាងគេ ២,២លាននាក់ អូស្ត្រាលីមាន ១,៦លាននាក់ និងសិង្ហបុរីមាន ១,៤លាននាក់។
ជាមធ្យមភ្ញៀវបរទេសចំណាយប្រាក់ប្រហែល ១ ៣៩១ដុល្លារក្នុងម្នាក់ អំឡុងពេលធ្វើដំណើរកម្សាន្តក្នុងប្រទេសឥណ្ឌូណេស៊ី ខណៈជនជាតិស្វីសចំណាយច្រើនបំផុត ប្រហែល ២ ១៩៤ដុល្លារ ស្របពេលប្រាក់ចំណូលក្នុងវិស័យទេសចរណ៍សម្រាប់ឆ្នាំ២០២៤ ត្រូវបានព្យាករថា នឹងទទួលបានច្រើនជាង ១៩ពាន់លានដុល្លារ។
បងធំអាស៊ានមួយនេះ បានដាក់គោលដៅថ្មីក្នុងឆ្នាំ២០២៥ ដោយគ្រោងទាញយកភ្ញៀវទេសចរណ៍បរទេស ចន្លោះពី ១៤,៦ ទៅ ១៦លាននាក់ ដើម្បីបង្កើនចំណូលវិស័យទេសចរណ៍ឲ្យកាន់តែច្រើនមួយកម្រិតថែមទៀត៕
អត្ថបទ៖ Luffy រូបភាព៖ AFP