ACIAR វិនិយោគ ៦​លាន​ដុល្លារ​អូស្ត្រាលី ជំរុញ​វិស័យ​កសិកម្ម​កម្ពុជាកាន់តែរីកចម្រើន

មជ្ឈមណ្ឌល​អូស្ត្រាលី សម្រាប់​ការ​ស្រាវជ្រាវ​កសិកម្ម​អន្តរជាតិ​ហៅ​កាត់ (ACIAR) បាន​ផ្ដល់​ការ​គាំទ្រ​ដល់​គម្រោង​ស្រាវជ្រាវ​កសិកម្ម ២ នៅ​កម្ពុជា​ដែល​មាន​ទំហំ​ថវិកា​សរុប ៦ លាន​ដុល្លារ​អូស្ត្រាលី។ គម្រោងស្រាវជ្រាវនេះ នឹងជួយអភិវឌ្ឍការធ្វើកសិកម្មរបស់កសិករខ្នាតតូចនៅកម្ពុជា តាមរយៈ​បច្ចេកវិទ្យា​ទំនើប​ផ្នែក​គ្រឿង​យន្ត​កសិកម្ម និង​ការ​គ្រប់គ្រង​ធនធាន​ដី​ប្រកបដោយ​ចីរភាព។

តាមដានជាមួយយើង៖ Million Times

លោកស្រី​សាស្រ្តរាចារ្យ Wendy Umberger នាយក​ប្រតិបត្តិ ACIAR បាន​ថ្លែង​ក្នុង​ពិធី​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​គម្រោង​ខាងលើ​កាលពី​ថ្ងៃ ៣ ខែ​កុម្ភៈ ឆ្នាំ ២០២៥កន្លង​ទៅ​ថា គម្រោង​ថ្មី​នេះ​ប្រមូល​ផ្តុំ​អ្នក​ស្រាវជ្រាវ​អូស្ត្រាលី​មក​ពី​សាកលវិទ្យាល័យ ស៊ីដនី និង​សាកលវិទ្យាល័យ Murdoch ដោយមាន​ការ​សហការ​ជាមួយ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​កម្ពុជា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​កើត​ចេញ​ពី​បច្ចេកវិទ្យា​គ្រឿង​យន្ត​កសិកម្ម រួម​មាន​ការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ភាព​ហាប់​ណែន​នៃ​ដី និង​ឧបសគ្គ​លំបាក​នានា​ក្នុង​ពេល​ប្រតិបត្តិការ​គ្រឿង​យន្ត​ទំាង​អស់​នោះ ជាពិសេស​សម្រាប់​កសិករ​ជាស្ត្រី។

ដោយឡែក ការ​គ្រប់គ្រង​ធនធាន​ដី​ប្រកប​ដោយ​ចីរភាព​មាន​ភាព​សំខាន់​ខ្លំាង​ណាស់ សម្រាប់​សន្តិសុខ​ស្បៀង និង​ជួយ​កាត់​បន្ថយ​ផល​ប៉ះពាល់​ពី​បម្រែបម្រួល​អាកាសធាតុ ដោយសារ​ដី​ដែល​ខូច​គុណភាព បាន​រួម​ចំណែក​បញ្ចេញ​សារធាតុ​កាបូន និង​ផ្ដល់​ផល​ប៉ះពាល់​ដល់​គុណភាព​ទឹក។

ការ​គាំទ្រ​របស់ ACIAR តាមរយៈ​គម្រោងស្រាវជ្រាវ​អំពី​ធនធាន​ដី និង​ដំណាំ ដើម្បី​ការ​អភិវឌ្ឍ​កសិកម្ម​ដោយ​ចីរភាព ធ្វើឡើងស្របទៅតាមគោលនយោបាយជាតិអភិវឌ្ឍន៍កសិកម្មឆ្នាំ២០២២-២០៣០ របស់​កម្ពុជា និង​ផែនទី​បង្ហាញ​ផ្លូវ​ស្តី​អំពី​បច្ចេកវិទ្យាកសិកម្ម៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ Australian Embassy, Cambodia