ក្រសួងរ៉ែ និងថាមពល មានផែនការយុទ្ធសាស្ត្រចង់ឱ្យឆ្នាំ២០២៥នេះ ជាឆ្នាំដែលសេវាករផ្គត់ផ្គង់អគ្គិសនី នៅទូទាំងប្រទេស ត្រូវធ្វើប្រតិបត្តិការលើថ្នាល់ឌីជីថល (App) ទាំងអស់។
ក្នុងឱកាសបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អាជ្ញាធរអគ្គិសនីកម្ពុជា នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លើកឡើងថា៖ «យើងចង់បានឆ្នាំ២០២៥នេះ ជាឆ្នាំដែលសេវាផ្តត់ផ្គង់អគ្គិសនី ត្រូវធ្វើប្រតិបត្តិការលើ App ទាំងអស់ សូមឱ្យការបង់ថវិកាពីអតិថិជន គឺមានភាគរយមិនលើសពី៥ភាគរយ ដែលបង់ថវិកាដោយផ្ទាល់ ទៅទីតាំងបញ្ជរបង់ប្រាក់ សូមឱ្យ៩៥ភាគរយ ត្រូវតែបង់ថវិកាតាមប្រព័ន្ធធនាគារទាំងអស់ នេះជាផែនការ សម្រាប់ឆ្នាំ២០២៥»។
![](https://www.millionstimes.com/wp-content/uploads/2024/04/Telegram-icon.png)
![](https://newekh.sgp1.cdn.digitaloceanspaces.com/Milliontimes/2025/02/IMG_3665-1024x575.jpeg)
បន្ថែមពីនេះ លោកបានសង្កត់ធ្ងន់ៗថា រាល់ការដាក់ពាក្យស្នើសុំតភ្ជាប់ចរន្តអគ្គិសនី និងការបង្កើតកម្លាំងអំពែអគ្គិសនីជាដើម គឺសុំឱ្យធ្វើប្រតិបត្តិការនៅឆ្នាំ២០២៥នេះ នៅត្រឹមឱ្យចប់នៅចុង១២ខែ ឆ្នាំ២០២៥។ ពោល សម្រាប់ការសុំដំឡើងអំពែថាមពលអគ្គិសនីនេះ ត្រូវធ្វើតាមប្រព័ន្ធអ៊ិនធឺណែត ដោយមិនតម្រូវឱ្យអតិថិជនមកបំពេញបែបបទ ដល់ទីតាំងផ្តល់សេវាករអគ្គិសនីទៀតនោះទេ។
លោកបានបន្តថា អាជ្ញាធរអគ្គិសនីកម្ពុជា, អគ្គិសនីកម្ពុជា ត្រូវតែដើរជាតួមុខគេ ដើម្បីធ្វើយ៉ាងណាជួយគាំទ្រឱ្យសេវាករឯកជនជាង ៤០០ទីតាំង អាចមានលទ្ធភាពធ្វើដំណើរការលើថ្នាល់ប្រព័ន្ធឌីជីថល មានភាពប្រហាក់ប្រហែលគ្នាផងដែរ។
លោក កែវ រតនៈ គូសបញ្ជាក់ថា ដាច់ខាតសេវាករផ្គត់ផ្គង់អគ្គិសនីទាំងអស់ ត្រូវឱ្យមានលេខផ្ទាល់របស់ក្រុមហ៊ុន និងដាច់ខាតមិនត្រូវយកលេខទូរស័ព្ទដៃរបស់បុគ្គលិក ដើម្បីធ្វើជា Hotline របស់ក្រុមហ៊ុននោះទេ ហើយអាជ្ញាធរទាមទារឱ្យសេវាករដែលគ្រប់សេវាកម្មមួយកន្លែង ត្រូវមានភ្នាក់ងារទទួលបន្ទុកការងារអតិថិជនច្បាស់លាស់ ដែលអាចទាក់ទងបាន។
លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានឱ្យដឹងថា អាជ្ញាធរអគ្គិសនីកម្ពុជាបានបង្កើត EAC-App សម្រាប់អ្នកប្រើប្រាស់អគ្គិសនី នៅក្នុងតំបន់ផ្គត់ផ្គង់របស់អ្នកផ្គត់ផ្គង់ឯកជនប្រើ ហើយមកដល់ពេលនេះ EAC-App ត្រូវបានបន្ថែមមុខងារប្រើប្រាស់ជាបន្តបន្ទាប់ ហើយមុខងារសំខាន់ដែលត្រូវបន្ថែមក្នុងឆ្នាំ២០២៥ គឺមុខងារអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចស្នើសុំបន្តចរន្ត និងបន្ថែមកម្លាំងប្រើប្រាស់បាន។
ទន្ទឹមនឹងនេះ លោកក៏បានលើកឡើងពីបញ្ហាប្រឈមចំបងនាពេលកន្លងមក ដែលធ្វើឱ្យ EAC-App ដំណើរការមិនសូវរលូន គឺទិន្នន័យរបស់អ្នកកាន់អាជ្ញាបណ្ណមិនអាចអនឡាញគ្រប់ពេល ប៉ុន្តែបញ្ហាប្រឈម នេះត្រូវបានដោះស្រាយរួចរាល់ តាមរយៈការជួល Cloud រួម ឱ្យអ្នកកាន់អាជ្ញាបណ្ណប្រើដោយអាជ្ញាធរអគ្គិសនីកម្ពុជាជាអ្នកទទួលបន្ទុកចំណាយ។ ជាមួយគ្នានេះត្រូវរៀបចំវគ្គបណ្តុះបណ្តាលដល់បុគ្គលិករបស់ អ្នកកាន់អាជ្ញាបណ្ណនូវរបៀបដំឡើង និងរបៀបប្រើ ជំរុញការផ្សព្វផ្សាយ និងជួយណែនាំរបៀបដំឡើង និងរបៀបប្រើបន្តដល់អតិថិជន។
លោកបានបន្ថែមថា ដើម្បីដំណើរការ EAC-App ឲ្យរលូនតម្រូវឱ្យអ្នកកាន់អាជ្ញាបណ្ណត្រូវមានហ្វេសបុក លេខហតឡាញ លេខទំនាក់ទំនងអតិថិជន បានចាប់ផ្តើមច្រើនឆ្នាំដែរហើយ ប៉ុន្តែមកដល់ពេលនេះ អាជ្ញាធរអគ្គិសនីកម្ពុជាសង្កេតឃើញថា នៅមានគណនីហ្វេសបុកពុំច្បាស់លាស់ ឈ្មោះគណនីហ្វេសបុក មិនដូចនឹងឈ្មោះអាជ្ញាបណ្ណ លេខហតឡាញ លេខទំនាក់ទំនងអតិថិជន តេមិនចូល តេមិនលើក ផ្លាស់ប្តូរគ្មានការជូនដំណឹង យកលេខរបស់បុគ្គលិកមកប្រើជាដើម៕
អត្ថបទ៖ សាងតេជេៈ រូបភាព៖ ក្រសួងរ៉ែ