កាលពីថ្ងៃ ៣០ ខែមករា ឆ្នាំ ២០២៥ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទៅទស្សនា សកម្មភាព ការថតបញ្ចប់រឿង “Kazakh Vibe” របស់ផលិតកម្មនៃប្រទេសកាហ្សាក់ស្ថាន ដែលបានមកថតនៅកម្ពុជា។
ពេលក្រុមការងារផលិតកម្ម Daubai Production ព្រមជាមួយតារាល្បីប្រចាំប្រទេសកាហ្សាក់ស្ថានកាលពីថ្ងៃ ១០ ខែមករា កន្លងទៅត្រូវបានលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទៅទទួលស្វាគមន៍នៅព្រលានយន្តហោះដោយផ្ទាល់។
ចំណែកពេលថតបញ្ចប់រឿង “Kazakh Vibe “របស់ផលិតកម្មនៃប្រទេសកាហ្សាក់ស្ថាននៅលើទឹកដីកម្ពុជាខេត្តសៀមរាប និងត្រូវបិទកាមេរ៉ាទៀតនោះ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទៅទស្សនាផ្ទាល់ផងដែរ។ថ្ងៃនោះដែរ ក៏មានវត្តមាន ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទៅចូលរួមបិទកាមេរ៉ាថតរឿង “Kazakh Vibe” ព្រមទាំងសំណេះសំណាលជាមួយតារាសម្ដែងរបស់ប្រទេសកាហ្សាក់ស្ថាន ក្នុងទឹកមុខរីករាយផងដែរ។
នេះជាលើកទី ១ ដែលប្រទេសកាហ្សាក់ស្ថានបានជ្រើសរើសកម្ពុជា សម្រាប់ថតខ្សែភាពយន្ត ហើយកាន់តែជាពិសេសគឺថតនៅតំបន់រមណីយដ្ឋានអង្គរខេត្តសៀមរាបតែម្ដង។ “Kazakh Vibe” ជាខ្សែភាពយន្តដែលបង្ហាញពីតំបន់ទេសចរណ៍ដ៏ល្អឯករបស់កម្ពុជាមួយនេះនឹងនាំមកនូវភាពល្បីល្បាញបន្ថែមទៀតមកឱ្យកម្ពុជាទៅកាន់ពិភពលោកនិងនៅលើឆាកអន្តរជាតិ។ “Kazakh Vibe” ជាខ្សែភាពយន្តបែបដំណើរកម្សាន្តឆ្លងប្រទេសរបស់គូស្នេហ៍ ៥ គូពីសាធារណរដ្ឋកាហ្សាក់ស្ថានមកកាន់ប្រទេសកម្ពុជា។
ក្រុមការងារថតខ្សែភាពយន្ត “Kazakh Vibe” បានសហការជាមួយផលិតកម្មក្នុងស្រុក KUDU Studios ដោយចំណាយរយៈពេលជាង ២០ ថ្ងៃនៅលើទឹកដីអង្គរនៃខេត្តសៀមរាប៕
អត្ថបទ៖ មេរ៉ា៖ រូបភាព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: និង Mohammat Younes