ឥណ្ឌា និងចិន បានព្រមព្រៀងគ្នាបើកជើងហោះហើរត្រង់ឡើងវិញ បន្ទាប់ពីផ្អាកការតភ្ជាប់ជើងហោះហើរអស់ជិត ៥ឆ្នាំ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ-១៩ និងភាពតានតឹងនយោបាយ។
កាលពីថ្ងៃចន្ទនៅទីក្រុងប៉េកាំងរដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌាលោក Vikram Misri និងរដ្ឋមន្ត្រីក្រសួងការបរទេសចិនលោក Wang Yi បានចរចាលើក្របខ័ណ្ឌស្តីពីការបើកជើងហោះហើរត្រង់ឡើងវិញនៅពេលខាងមុខ។


ក្រសួងការបរទេសចិន បញ្ជាក់ថា ជើងហោះហើរនឹងបើកឡើងវិញ ហើយលោក Wang បាននិយាយថា ប្រទេសចិន និងឥណ្ឌាគួរតែប្តេជ្ញាចិត្តគាំទ្រគ្នាទៅវិញទៅមក ជាជាងការមិនទុកចិត្តគ្នា។
ទស្សនកិច្ចរបស់លោក Vikram Misri ទៅកាន់រដ្ឋធានីរបស់ចិន គឺជាដំណើរទស្សនកិច្ចធ្វើឡើង ដោយមន្រ្តីជាន់ខ្ពស់បំផុតរបស់ឥណ្ឌា គិតមកទល់ពេលនេះ ចាប់តាំងពីមានការប៉ះទង្គិចគ្នារវាងកងទ័ពចិននិងឥណ្ឌា នៅព្រំដែននៃតំបន់ជួរភ្នំហិម៉ាល័យ កាលពីឆ្នាំ២០២០ ដែលបានធ្វើឱ្យទំនាក់ទំនងធ្លាក់ដុនដាបខ្លាំង។
អ្នកវិភាគនិយាយថា សេដ្ឋកិច្ចធ្លាក់ចុះ និងការគម្រាមកំហែងពាណិជ្ជកម្មពីប្រធានាធិបតីអាមេរិកលោក Donald Trump កំពុងលើកទឹកចិត្តចិន និងឥណ្ឌាឱ្យធ្វើការកាន់តែជិតស្និទ្ធជាមួយគ្នា។

លោក Trump បានព្រមានថា លោកនឹងដាក់ពន្ធលើប្រទេសចិន ហើយឥណ្ឌាគឺជាទីផ្សារដ៏ធំមួយសម្រាប់ប្រទេសចិន ខណៈដែលទីក្រុង New Delhi ចង់បានក្រុមហ៊ុនគ្រឿងបន្លាស់ និងគ្រឿងចក្ររបស់ចិន ដើម្បីជំរុញការនាំចេញ និងសេដ្ឋកិច្ចដែលកំពុងតែកើនឡើងខ្ពស់នាពេលថ្មីៗនេះ។
លោក Harsh Pant ប្រធានគោលនយោបាយការបរទេសនៅអង្គការ Observer Research Foundation បាននិយាយថា “បញ្ហាសេដ្ឋកិច្ចកំពុងប្រឈមមុខដោយប្រទេសឥណ្ឌា និងចិន ហើយប្រទេសទាំងពីរមានចំណាប់អារម្មណ៍ក្នុងការធានាឱ្យទំនាក់ទំនងសេដ្ឋកិច្ចបន្តងើបឡើងវិញ។
លោកថ្លែងថា “ប្រសិនបើការគម្រាមកំហែងពីលោក Trump កើនឡើងសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសចិន នោះចិននឹងចង់បានទំនាក់ទំនងជាមួយប្រទេសឥណ្ឌាដែលរឹងមាំខាងសេដ្ឋកិច្ច និងមានលក្ខណៈជាយុទ្ធសាស្ត្រ”។
ពាណិជ្ជកម្មទ្វេភាគីរវាងឥណ្ឌា និងចិនបានកើនឡើង ៤% ដល់ ១១៨.៤០ ពាន់លានដុល្លារនៅក្នុងឆ្នាំសារពើពន្ធចុងក្រោយដែលបានបញ្ចប់ក្នុងខែមីនា ឆ្នាំ២០២៤ ដែលភាគច្រើនជាទំនិញនាំចូលពីប្រទេសចិន៕
អត្ថបទ៖ សារ៉ាយ រូបភាព៖ Reuters