កាលពីថ្ងៃសុក្រ ទី២៥ ខែមករា រដ្ឋាភិបាលវៀតណាមបានសម្រេចលុបចោលនូវក្រសួងមួយចំនួន ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងសម្រួលប្រព័ន្ធរដ្ឋបាលឡើងវិញ និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការ។
ទីភ្នាក់ងារព័ត៌មានវៀតណាម VNExpress បានរាយការណ៍ថា ក្រសួងទាំងនោះគឺត្រូវបានច្របាច់បញ្ចូល ជាមួយក្រសួងផ្សេងៗទៀត ដើម្បីសម្រួលទាំងការចំណាយរបស់រដ្ឋ និងបង្កើនប្រសិទ្ធភាពការងារឲ្យខ្លាំងជាងមុន។
ក្នុងនោះ ក្រសួងផែនការ និងវិនិយោគ ត្រូវច្របាច់បញ្ចូលជាមួយក្រសួងហិរញ្ញវត្ថុ បង្កើតជាក្រសួងហិរញ្ញវត្ថុ ខណៈក្រសួងសំណង់ និងក្រសួងដឹកជញ្ជូន ត្រូវរួមបញ្ចូលគ្នាបង្កើតជាក្រសួងសំណង់។ ចំណែកឯក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ នឹងចូលរួមជាមួយក្រសួងធនធានធម្មជាតិ និងបរិស្ថាន បង្កើតបានជាក្រសួងកសិកម្ម និងបរិស្ថាន។
ក្រសួងព័ត៌មាន និងទូរគមនាគមន៍ ត្រូវច្របាច់បញ្ចូលជាមួយក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ស្របពេលក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច នឹងត្រូវដាក់បញ្ចូលក្នុងក្រសួងមហាផ្ទៃ។
ទន្ទឹមនឹងនោះ ក្រសួងជាតិនិងសាសនាថ្មីក៏នឹងត្រូវបង្កើតឡើងដែរ។ ក្រសួងនេះនឹងផ្អែកលើគណៈកម្មាធិការបច្ចុប្បន្នសម្រាប់កិច្ចការជនជាតិភាគតិច ដែលនឹងទទួលការគ្រប់គ្រងរដ្ឋនៃកិច្ចការសាសនាពីក្រសួងមហាផ្ទៃ។
ចំណែកឯរដ្ឋសភាវិញ ក៏ត្រូវប្រឈមជាមួយការផ្លាស់ប្ដូរមួយចំនួនផងដែរ តួយ៉ាងគណៈកម្មាធិការកិច្ចការងារបរទេស ត្រូវបានរំសាយចោល ដោយទំនួលខុសត្រូវរបស់វា ត្រូវបានបែងចែកទៅកាន់ស្ថាប័នដទៃដូចជា គណៈកម្មាធិការការពារជាតិ និងសន្តិសុខ ការិយាល័យរដ្ឋសភា និងក្រសួងការបរទេស។ ការផ្លាស់ប្ដូរនេះ នឹងធ្វើឲ្យមានការកែប្រែឈ្មោះគណៈកម្មាធិការការពារជាតិ និងសន្តិសុខ ទៅជាគណៈកម្មាធិការការពារជាតិ សន្តិសុខ និងកិច្ចការបរទេសវិញ។
ការរួមបញ្ចូលគ្នាផ្សេងទៀតរួមមាន គណៈកម្មាធិការច្បាប់ និងគណៈកម្មាធិការតុលាការ ដែលនឹងបង្កើតគណៈកម្មាធិការច្បាប់ និងតុលាការ ខណៈគណៈកម្មាធិការសេដ្ឋកិច្ច ជាមួយគណៈកម្មាធិការហិរញ្ញវត្ថុ និងថវិកា បង្កើតបានជាគណៈកម្មាធិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
គណៈកម្មាធិការសង្គមកិច្ចនឹងបញ្ចូលគ្នាជាមួយគណៈកម្មាធិការវប្បធម៌ អប់រំ យុវជន វ័យជំទង់ និងកុមារ ដើម្បីបង្កើតគណៈកម្មាធិការវប្បធម៌ និងសង្គម។ គណៈកម្មាធិការសម្រាប់ញត្តិ នឹងត្រូវបានដំឡើងឋានៈ និងប្តូរឈ្មោះជាគណៈកម្មាធិការទទួលបន្ទុក និងត្រួតពិនិត្យ ខណៈគណៈកម្មាធិការទទួលបន្ទុកកិច្ចការតំណាងរាស្រ្ត នឹងក្លាយជាគណៈកម្មាធិការទទួលបន្ទុកកិច្ចការតំណាងរាស្រ្តនៃរដ្ឋសភា។
រដ្ឋាភិបាលវៀតណាមបានអះអាងថា អង្គភាពរដ្ឋបាលគួរតែមានការរៀបចំឡើងវិញ ដើម្បីឲ្យស្របតាមស្ថានភាពជាក់ស្ដែង និងតម្រូវការចាំបាច់។ ដំណើរការជ្រើសរើសបុគ្គលិក ការបណ្តុះបណ្តាល និងការវាយតម្លៃសម្រាប់មន្ត្រីរាជការ ក៏ត្រូវឆ្លងកាត់ការកែទម្រង់ដ៏សំខាន់ផងដែរ។
លើសពីនេះទៀត អាជ្ញាធរត្រូវបានជំរុញឱ្យបង្កើតយន្តការដ៏មានប្រសិទ្ធភាពដើម្បីកំណត់ និងតែងតាំងអ្នកដឹកនាំដែលមានសមត្ថភាព គុណធម៌ និងមានការប្តេជ្ញាចិត្តខ្ពស់ ខណៈពេលដែលការដកចេញនូវអ្នកដែលខ្វះខាតនូវលក្ខណៈសម្បត្តិចាំបាច់ សមត្ថភាព ឬភាពជឿជាក់៕
អត្ថបទ៖ Luffy រូបភាព៖ VNExpres / Wikipedia