ខែមេសា គ្រោងបញ្ចប់ការផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីនៃគម្រោងព្រែកជីកហ្វូណនតេជោ

ក្រោយបញ្ចប់ដំណើរការផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោកំណាត់ទី១ ដែលមានចម្ងាយ ២១គីឡូម៉ែត្រ កាលខែធ្នូ ឆ្នាំ២០២៤ ចាប់ពីព្រែកតាកែវ(ទន្លេមេគង្គ)-ព្រែកពោធិ៍ (ទន្លេបាសាក់) នៃភូមិសាស្តរខេត្តកណ្តាល។ សម្រាប់កំណាត់ទី២ គ្រោងបញ្ចប់ក្នុងកំឡុងខែមេសា ឆ្នាំ២០២៥ខាងមុខ។ នេះបើតាមលោក ផន រឹម អ្នកនាំពាក្យសាធារណការ និងដឹកជញ្ជូន។

តាមដានជាមួយយើង៖ Million Times

លោក ផន រឹម លើបណ្តាញសង្គមផ្ទាល់ខ្លួនបានលើកឡើងថា ដើម្បីប្រសិទ្ធភាពការកាន់តែប្រសើរឡើង ក្រុមការងារបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្តបណ្តុះបណ្ដាលការប្រើប្រាស់ឧបករណ៍បច្ចេកទេស DGPS និង Drone ទំនើប ជំនាន់ចុងក្រោយបង្អស់ ដែលទើបបំពាក់បន្ថែម ដល់ក្រុមការងារដើម្បីត្រៀមចុះបេសកកម្មប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោសម្រាប់កំណាត់ទី២។

លោកបន្តថា ដំណើរការផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដី នៃគម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី២ដែលមានប្រវែង១៥៩គីឡូម៉ែត្រ ឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងកែប ក្រសួងសាធារណការ និងដឹកជញ្ជូនគ្រោងបញ្ចប់ការងារនេះក្នុងកំឡុងខែមេសា ឆ្នាំ២០២៥ខាងមុខ។

បើតាមការបញ្ជាក់ពីអ្នកនាំពាក្យលោក ផន រឹម ពេលក្រុមការងារទៅដល់កន្លែងណានោះនៃដំណើរការចុះផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ តែងបានសហការល្អជាមួយក្រុមការងារបច្ចេកទេស និងប្រឹងប្រែងសហការគ្នាអនុវត្តការងារឱ្យបានរលូន និងជួយយកអាស្រ័យគ្នាយ៉ាងល្អប្រសើរ ដែលបង្ហាញអំពីទឹកចិត្តគាំទ្រយ៉ាងពេញទំហឹងលើការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ។

គម្រោងព្រែកជីកហ្វូណន​តេជោ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមផែនការធ្វើឱ្យប្រសើរឡើង និងលើកកម្ពស់ការតភ្ជាប់បៃតងតាមកំពង់ផែទឹកសាបទៅកាន់កំពង់ផែសមុទ្រនៅកម្ពុជា និងការតភ្ជាប់ជាមួយតំបន់អាស៊ានជាដើម។

គម្រោងព្រែកជីកហ្វូណនតេជោ មានជម្រៅទឹក៥,៤ម៉ែត្រ ដែលតភ្ជាប់ផ្លូវទឹកទន្លេទៅកាន់សមុទ្រដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប មានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ នឹងគ្រោងចំណាយថវិកាប្រមាណ១,៧០០លានដុល្លារ៕

អត្ថបទ៖ ផល កុសល រូបភាព៖ ផេកហ្វេសប៊ុកលោក ផន រឹម