ថៃ៖ ការ​នាំ​ចេញ​អង្ករ​របស់ខ្លួននឹងធ្លាក់​ចុះ​ជាង​ ២០% មកត្រឹម ៧.៦ លានតោននៅឆ្នាំនេះ

ការនាំចេញអង្កររបស់ថៃ ត្រូវបានគេមើលឃើញថានឹងធ្លាក់ចុះប្រហែល ២៤% មកនៅត្រឹម ៧.៦ លានតោននៅឆ្នាំ២០២៥នេះ បើតាមយោងក្រសួងពាណិជ្ជកម្ម។

កាសែត Bangkok Post ដកស្រង់សម្តីលោក Arada Fuangtong ប្រធាននាយកដ្ឋានពាណិជ្ជកម្មបរទេសរបស់ក្រសួងពាណិជ្ជកម្ម ឲ្យដឹងថា ការព្យាករណ៍ការធ្លាក់ចុះដោយសារតែការបន្តការនាំចេញពីប្រទេសឥណ្ឌា និងបរិមាណកើនឡើងពីអ្នកផលិតអង្ករផ្សេងទៀត។

ប្រទេសថៃ ដែលជាប្រទេសនាំចេញអង្ករធំជាងគេទីពីររបស់ពិភពលោកបន្ទាប់ពីប្រទេសឥណ្ឌា បាននាំចេញអង្ករចំនួន ៩.៩៥ លានតោនក្នុងឆ្នាំ២០២៤ ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ៦ឆ្នាំ និងកើនឡើង ១៣.៤% ប្រចាំឆ្នាំ។

បរិមាណនាំចេញអង្ករបានធ្លាក់ចុះ ៧.១% ក្នុងខែធ្នូ ធៀបនឹងឆ្នាំមុន ប៉ុន្តែបានកើនឡើង ១៣.៤% ដល់ ៩.៩៥ លានតោន ក្នុងឆ្នាំ២០២៤។

ថៃ រំពឹងថា ការនាំចេញអង្ករនឹងធ្លាក់ចុះមកត្រឹមប្រហែល ៧.៥ លានតោនក្នុងឆ្នាំ២០២៥ ដោយសារការប្រកួតប្រជែងកាន់តែច្រើនពីប្រទេសឥណ្ឌា និងតម្រូវការតិចជាងមុនពីប្រទេសឥណ្ឌូនេស៊ី។ នេះបើយោងតាមសមាគមអ្នកនាំចេញអង្ករថៃ៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ Chinnawat Singha