ស្ថាបនិកក្រុមហ៊ុន JD.com និងជាមហាសេដ្ឋីកំពូលម្នាក់ប្រចាំប្រទេសចិនលោក Richard Liu បានធ្វើការចែកអំណោយសម្រាប់ចាស់ព្រឺទ្ធាចារ្យនៅស្រុកកំណើតរបស់លោក ដែលមានវ័យចាប់ពី ៦០ឆ្នាំឡើងទៅ ក្នុងម្នាក់ទទួលបានទឹកប្រាក់ ១ ៤០០ដុល្លារ។
តាមរយៈការចុះផ្សាយពីសារព័ត៌មាន SCMP បានឲ្យដឹងថា ការធ្វើសប្បុរសធម៌របស់លោក Liu គឺដោយសារមហាសេដ្ឋីរូបនេះចង់ថ្លែងអំណរគុណ សម្រាប់ចាស់ទុំនៅក្នុងភូមិ Guangming ដែលធ្លាប់ជួយជ្រោមជ្រែងគ្រួសាររបស់លោក និងផ្ដល់ឱកាសឲ្យលោកបានរៀតសូត្រនៅសកលវិទ្យាល័យ ទើបលោកអាចមានថ្ងៃនេះ។
មហាសេដ្ឋីមានទ្រព្យសម្បត្តិជិត ៧ពាន់លានដុល្លាររូបនេះបានរំលឹកថា អំឡុងពេលលោកបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ និងត្រូវបន្តទៅសកលវិទ្យាល័យ គ្រួសាររបស់លោកគ្មានជីវភាពជួយលោកឡើយ។ អ្នកភូមិបាននាំគ្នារៃអង្គាសប្រាក់បានប្រហែល ៥០០យ៉ន់ និងពងទាចំនួន ៧៦គ្រាប់ ទុកធ្វើជាសោហ៊ុយសម្រាប់រូបលោក បន្តការសិក្សានៅក្នុងដើមឆ្នាំ១៩៩២។
លោក Liu បានចាប់ផ្ដើមប្រឡូកក្នុងវិស័យសហគ្រិនភាពក្នុងឆ្នាំ១៩៩៤ ប៉ុន្តែត្រូវបានចាញ់បោកគេអស់ប្រាក់ពីខ្លួន រហូតដល់ឆ្នាំ១៩៩៨ ទើបចាប់ផ្ដើមម្ដងទៀត ដោយបង្កើតក្រុមហ៊ុន Jingdong Century Trading ជាហាងលក់គ្រឿងអេឡិចត្រូនិក ជាមួយដើមទុនត្រឹម ១២ ០០០យ៉ន់។
បោះជំហានលើអាជីវកម្មសារនេះ លោក Liu រកស៊ីបានកាក់កបជាខ្លាំង ដោយក្នុងរយៈពេល ៥ឆ្នាំ លោកពង្រីកសាខារហូតដល់ ១២កន្លែង និងរកចំណូលបានជាង ១០លានយ៉ន់។ ប៉ុន្តែទើបឃើញពន្លឺជោគជ័យតិចតួច ជំងឺផ្លូវដង្ហើម SARS ក៏ត្រូវបានផ្ទុះឡើងពេញប្រទេសចិនក្នុងឆ្នាំ២០០២ ធ្វើឲ្យមុខជំនួញមួយនេះត្រូវបិទទ្វារទៀត។
ក្រោយមកនៅក្នុងឆ្នាំ២០០៤ មហាសេដ្ឋីចិនរូបនេះមិនអស់សង្ឃឹម ដោយបង្កើតផ្លេតហ្វមលក់ទំនិញអនឡាញមានឈ្មោះថា 360buy Jingdong ហើយក្រោយមកត្រូវបានប្ដូរឈ្មោះជា JD.com។ បច្ចុប្បន្ន JD គឺជាផ្លេតហ្វមលក់ទំនិញអនឡាញធំបំផុតមួយប្រចាំប្រទេសចិន៕
ទោះជាមានឈ្មោះជាមហាសេដ្ឋីលុយគ្រាក់ៗក្ដី ប៉ុន្តែលោក Liu មិនដែលភ្លេចគុណអ្នកភូមិម្ដងឡើយ ពោលជារៀងរាល់ឆ្នាំ ពេលមានកម្មវិធីបុណ្យទានធំៗ លោកនិងគ្រួសារតែងតែធ្វើកម្មវិធីសប្បុរសធម៌ ចែកអំណោយដល់អ្នករស់នៅក្នុងភូមិជាញឹកញាប់ ទាំងថវិកា ទាំងស្បៀងអាហារ និងផ្ដល់អាហារូបករណ៍ដល់សិស្សនិស្សិតក្នុងភូមិថែមទៀត៕
អត្ថបទ៖ Luffy រូបភាព៖ SCMP