រដ្ឋាភិបាលថៃបាននិយាយកាលពីថ្ងៃទី២២ ខែមករាថា នាយកប្រតិបត្តិមកពីក្រុមហ៊ុនឈានមុខគេនៅលើពិភពលោកជាច្រើន រួមទាំងក្រុមហ៊ុន Coca-Cola ក្រុមហ៊ុន Bayer និងក្រុមហ៊ុន Nestle បានបង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅក្នុងប្រទេសថៃក្នុងអំឡុងពេលពិភាក្សាជាមួយនាយករដ្ឋមន្រ្តី លោកស្រី Paetongtarn Shinawatra ក្នុងឱកាសលោកស្រីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ស្ថិតនៅទីក្រុង Davos ។
អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Jirayu Houngsub បាននិយាយថា លោកស្រី Paetongtarn បានជួបជាមួយនាយកប្រតិបត្តិនៃក្រុមហ៊ុនឈានមុខគេរបស់ពិភពលោកនៅឯ WEF លើកទី៥៥ នៅប្រទេសស្វីស។ ក្នុងចំណោមនាយកប្រតិបត្តិដែលនាយករដ្ឋមន្ត្រីបានជួបគឺរាប់ចាប់ពីលោក Stefan Oelrich ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Bayer AG ។
លោកស្រីបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ថៃក្នុងការធ្វើទំនើបកម្មកសិកម្ម និងការថែទាំសុខភាពសាធារណៈ ដោយបង្ហាញពីឱកាសសម្រាប់កិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនអាល្លឺម៉ង់ក្នុងការស្រាវជ្រាវផ្នែកវេជ្ជសាស្រ្ត ការច្នៃប្រឌិតផ្នែកថែទាំសុខភាព និងវឌ្ឍនភាពកសិកម្ម។
ទន្ទឹមនឹងនេះ លោក Oelrich បានបង្ហាញពីឆន្ទៈរបស់ក្រុមហ៊ុនក្នុងការធ្វើជាដៃគូជាមួយរដ្ឋាភិបាលក្នុងការលើកកម្ពស់គុណភាពនៃសេវាថែទាំសុខភាព និងបង្កើនទិន្នផលកសិកម្មតាមរយៈការប្រើប្រាស់ការច្នៃប្រឌិតកសិកម្ម។
ការពិភាក្សាសំខាន់មួយទៀតបានធ្វើឡើងជាមួយលោក Sultan Ahmed Bin Sulayem នាយកប្រតិបត្តិក្រុមហ៊ុនដឹកជញ្ជូនយក្ស DP World ។ នាជំនួបនោះលោកស្រី Paetongtarn បានរំលឹកឡើងវិញនូវជំហរយុទ្ធសាស្ត្ររបស់ប្រទេសថៃជាមជ្ឈមណ្ឌលដឹកជញ្ជូនក្នុងតំបន់ ជាមួយនឹងគម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតធំដូចជា Land Bridge និងប្រព័ន្ធផ្លូវរថភ្លើងល្បឿនលឿន។
អ្នកនាំពាក្យរដ្ឋាភិបាលថៃលោក Jirayu បាននិយាយថា DP World បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការអភិវឌ្ឍសមត្ថភាពដឹកជញ្ជូននៅប្រទេសថៃ រួមទាំងការពង្រីកកុងតឺន័រក្នុងស្រុក (ICD) និងសិក្សាពីការវិនិយោគសក្តានុពលនៅក្នុងគម្រោង Land Bridge ដើម្បីភ្ជាប់អាស៊ានជាមួយបណ្តាញពាណិជ្ជកម្មពិភពលោក។
លោកស្រីនាយករដ្ឋមន្ត្រីក៏បានជួបលោក Remy Ejel នាយកប្រតិបត្តិក្រុមហ៊ុន Nestle Asia ប្រចាំតំបន់អូសេអានី និងអាហ្វ្រិកផងដែរ។ លោកស្រីបានជំរុញឱ្យ Nestle គាំទ្រកសិករថៃក្នុងការផ្លាស់ប្តូរទៅរកការអនុវត្តកសិកម្មទំនើប និងនិរន្តរភាព។ ក្នុងជំនួបនោះ ក្រុមហ៊ុនផលិតអាហារបានបញ្ជាក់សារជាថ្មីនូវការប្ដេជ្ញាចិត្តជាយូរមកហើយរបស់ខ្លួនចំពោះប្រទេសថៃ ដោយបានប្រកាសពីផែនការពង្រីកការវិនិយោគជាពិសេសក្នុងការផលិតកាហ្វេ និងផ្តល់តម្លៃសមរម្យ និងការបណ្តុះបណ្តាលដល់កសិករថៃ។
លើសពីនេះ លោកស្រី Paetongtarn បានជួបពិភាក្សាជាមួយលោក James Quincey នាយកប្រតិបត្តិក្រុមហ៊ុន Coca-Cola ។ នាឱកាសលោកសន្យាបន្តសហការជាពិសេសក្នុងការលើកកម្ពស់ជីវភាពកសិករ។ នាយករដ្ឋមន្ត្រីក៏បានពិភាក្សាជាមួយ លោក Michel Demare ដែលជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន AstraZeneca អំពីសក្ដានុពលរបស់ប្រទេសថៃជាមជ្ឈមណ្ឌលវេជ្ជសាស្ត្រក្នុងតំបន់៕
អត្ថបទ៖ សារ៉ាយ រូបភាព៖ The Nation