ប្រធានាធិបតី Trump ចាប់ផ្ដើមអនុវត្តវិធានការធម៌ក្ដៅ បង្ក្រាបបញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់

កាលពីថ្ងៃពុធ ទី២២ ខែមករា ប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសចាត់វិធានការធម៌ក្ដៅ ជុំវិញបញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់នៅអាមេរិក ដោយបញ្ជាឲ្យព្រះរាជអាជ្ញា បើកការស៊ើបអង្កេតលើមន្ត្រីដែលប្រឆាំងចំណាត់ការលុបបំបាត់បញ្ហាអន្តោប្រវេសន៍។

តាមដានជាមួយយើង៖ Million Times

នៅក្នុងអនុស្សរណៈមួយដែលទីភ្នាក់ងារព័ត៌មាន Reuters អះអាងបានឃើញ បានឲ្យដឹងថា លោក Emil Bove អគ្គព្រះរាជអាជ្ញារងស្តីទីរបស់លោក Trump បានប្រាប់ទៅកាន់បុគ្គលិកក្រសួងយុត្តិធម៌ថា អាជ្ញាធរគ្រប់រដ្ឋទាំងអស់ត្រូវតែសហការជាមួយព្រះរាជអាជ្ញាសហព័ន្ធ ដើម្បីបង្ក្រាបបញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់។

គោលនយោបាយមួយនេះ ត្រូវបានដាក់ចេញដោយគណៈរដ្ឋមន្ត្រីសាធារណៈថ្មី ដើម្បីពង្រឹង និងរឹតបន្តឹងច្បាប់អន្តោប្រវេសន៍ នៅតាមទីក្រុងដែលមានជនអន្តោប្រវេសន៍ខុសច្បាប់ជាច្រើន ដូចជានៅទីក្រុងញ៉ូវយ៉ក និងទីក្រុងឈីកាហ្គោ ដែលក្រុមប៉ូលិសនៅទីនោះបង្ហាញអាកប្បកិរិយា មិនព្រមសហការជាមួយព្រះរាជអាជ្ញាលោក Trump។

បន្ថែមពីនោះ ប្រធានាធិបតីអាមេរិកបានព្រមានធ្ងន់ៗថា ក្រសួងយុត្តិធម៌របស់លោក នឹងបើកការស៊ើបអង្កេត ក៏ដូចជាដាក់ទោសព្រហ្មទណ្ឌចំពោះបុគ្គលណា ដែលផ្ដល់ការងារសម្រាប់ជនអន្តោប្រវេសន៍ខុសច្បាប់នៅអាមេរិក ទាំងក្នុង និងក្រៅស្ថាប័នរដ្ឋ។

សូមជម្រាបដែរថា ការបង្ក្រាបបញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់នៅអាមេរិក គឺជាអាទិភាពកំពូលដែលលោក Donald Trump ប្រកាសត្រូវតែសម្រេចឲ្យបាន នៅក្នុងអាណត្តិដឹកនាំថ្មីរបស់លោក៕

អត្ថបទ៖ Luffy រូបភាព៖ NYT / WP