ប្រធានាធិបតី Donald Trump បានអនុវត្តផែនការជម្រុះបុគ្គលិករដ្ឋាភិបាល និងកាត់បន្ថយថ្លៃចំណាយភ្លាមៗពេលឡើងអង្គុយកៅអីមេដឹកនាំអាមេរិក ដោយបានចេញបញ្ជាបណ្ដេញមេបញ្ជាការឆ្មាំសមុទ្រ Linda Fagan នៅយប់ថ្ងៃចន្ទ ទី២០ ខែមករា។
ទីភ្នាក់ងារព័ត៌មាន CBS បានចុះផ្សាយថា លោកស្រី Fagan ត្រូវបានលាលែងពីតំណែងភ្លាមៗកាលពីយប់ថ្ងៃចន្ទ បន្ទាប់ពីទទួលបានសារជូនដំណឹងដោយរដ្ឋលេខាធិការស្តីទីសន្តិសុខមាតុភូមិ Benjamin Huffman។
តាមរយៈសារជូនដំណឹងមួយនោះមានអត្ថន័យថា «នៅក្រោមអំណាចច្បាប់របស់ខ្ញុំក្នុងឋានៈជាលេខាធិការស្តីទីនៃនាយកដ្ឋានសន្តិសុខមាតុភូមិ ខ្ញុំបានដកតំណែងឧត្តមនាវីឯក Linda L. Fagan ពីភារកិច្ចរបស់នាងជាមេបញ្ជាការឆ្មាំសមុទ្រសហរដ្ឋអាមេរិក។ នាងបានបម្រើការងារដ៏យូរអង្វែង និងគួរឱ្យកត់សម្គាល់ ហើយខ្ញុំសូមអរគុណនាងសម្រាប់ការបម្រើជាតិរបស់យើង»។
គួររំលឹកបន្តិចថា លោកស្រី Fagan ត្រូវបានអតីតប្រធានាធិបតី Joe Biden តែងតាំងជាមេបញ្ជាការឆ្មាំសមុទ្រកាលពីឆ្នាំ២០២២ និងជាស្ត្រីដំបូងដែលមានតួនាទីដឹកនាំកងទ័ពមួយផ្នែករបស់យោធាអាមេរិក។ មេបញ្ជាការឆ្មាំសមុទ្រត្រូវបានតែងតាំងសម្រាប់រយៈពេលបួនឆ្នាំ ប៉ុន្តែលោកស្រី Fagan បម្រើការបានត្រឹម ២ឆ្នាំ ក៏ត្រូវបានដកតំណែងដោយប្រធានាធិបតីអាមេរិកថ្មី។
មន្ត្រីជាន់ខ្ពស់ប្រចាំក្រសួងសន្តិសុខមាតុភូមិរូបនេះបានបង្ហើបប្រាប់ CBS ថា មូលហេតុដែលអតីតមេបញ្ជាការឆ្មាំសមុទ្ររបូតតំណែង គឺដោយសារនាងខ្វះភាពជាអ្នកដឹកនាំ ភាពបរាជ័យក្នុងប្រតិបត្តិការ និងអសមត្ថភាពក្នុងការជំរុញគោលដៅយុទ្ធសាស្ត្ររបស់ឆ្មាំឆ្នេរសមុទ្រអាមេរិក។
បន្ថែមពីនោះមន្ត្រីរូបនេះបាននិយាយថា នាងបានបរាជ័យក្នុងការដោះស្រាយការគំរាមកំហែងសន្តិសុខព្រំដែន ដោយលើកឡើងពី «ការសម្របសម្រួលមិនគ្រប់គ្រាន់» ជាមួយក្រសួងសន្តិសុខមាតុភូមិ លើប្រតិបត្តិការនៅតាមព្រំដែនសមុទ្រ និង «ការដាក់ពង្រាយគ្មានប្រសិទ្ធភាពនៃទ្រព្យសម្បត្តិឆ្មាំឆ្នេរសមុទ្រ» ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរារាំងថ្នាំញៀនហ្វេតានីល និងសារធាតុខុសច្បាប់ផ្សេងទៀត ហូរចូលក្នុងទឹកដីសហរដ្ឋអាមេរិក៕
អត្ថបទ៖ Luffy រូបភាព៖ CBS