មេដឹកនាំចិន និងរុស្សុី បានបង្ហាញជំហរពង្រីងទំនាក់ទំងដែលរីកចម្រើននៅឆ្នាំខាងមុខ ក្នុងឱកាសនៃការផ្លាស់ប្តូរឆ្នាំថ្មី។ នៅថ្ងៃអង្គារ ខែមករានេះ ប្រធានាធិបតីចិន Xi Jingping បានបង្ហាញក្តីរីករាយដែលមានជំនួបតាមវីដេអូអនឡាញជាមួយប្រធានាធិបតីរុស្សុី Vladimir Putin ប៉ុន្មានថ្ងៃមុនពិធីបុណ្យចូលឆ្នាំចិន។ លោក Putin បានជូនពរលោក Xi និងប្រជាជនចិនឱ្យមានសុភមង្គលក្នុងពិធីបុណ្យនិទាឃរដូវ និងជួបតែសេចក្តីសុខគ្រប់ប្រការ។
យោងតាមគេហទំព័រក្រសួងការបរទេសចិន ក្នុងជំនួបនោះលោក Xi បានសង្កត់ធ្ងន់លើការត្រៀមខ្លួនធ្វើការជាមួយលោក Putin ដើម្បីកសាងសមិទ្ធិផលនាពេលកន្លងមក ពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយចិន-រុស្ស៊ីនៃការសម្របសម្រួលសម្រាប់យុគសម័យថ្មី នាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ។ លើសពីនេះ ជំរុញការអភិវឌ្ឍន៍ និងវិបុលភាពនៃប្រទេសទាំងពីរ និងលើកកម្ពស់តម្លាភាព និងយុត្តិធម៌អន្តរជាតិ។


លោកថា ភាគីទាំងពីរគួរតែគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាទាក់ទងនឹងផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក និងរួមគ្នាទប់ទល់នឹងការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងដោយកម្លាំងខាងក្រៅ។
លោក Xi បានអំពាវនាវឱ្យភាគីទាំងពីរបង្កើនការទំនាក់ទំនង និងការសម្របសម្រួលលើកិច្ចការអន្តរជាតិ ជាពិសេសនៅអង្គការសហប្រជាជាតិ អង្គការសហប្រតិបត្តិការសៀងហៃ BRICS និងក្របខ័ណ្ឌពហុភាគីផ្សេងទៀត អនុវត្តពហុភាគីនិយមពិត ប្រឆាំងអធិបតេយ្យភាព និងនយោបាយអំណាចរួម។
ក្នុងជំនួបនោះ លោក Putin បាននិយាយថា ទំនាក់ទំនងរុស្ស៊ី-ចិនកំពុងអភិវឌ្ឍយ៉ាងល្អប្រសើរ ដោយកត់សម្គាល់ថាមានវឌ្ឍនភាពលើគ្រប់វិស័យ ហើយជាយុទ្ធសាស្ត្រ គួរឱ្យទុកចិត្ត និងស្ថិរភាព។
ប្រធានាធិបតីរុស្ស៊ីបានសម្តែងក្តីសង្ឃឹមថា ភាគីទាំងពីរនឹងប្រើប្រាស់ឱ្យបានពេញលេញនូវបណ្តាញផ្លាស់ប្តូរដែលមានស្រាប់ និងធ្វើការដើម្បីវឌ្ឍនភាពថ្មីក្នុងកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យផ្សេងៗ រួមទាំងក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ថាមពល លំហអាកាស និងការដឹកជញ្ជូនឆ្លងកាត់ព្រំដែន។
លោកនិយាយថា រុស្ស៊ីនឹងធ្វើការជាមួយចិន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងកិច្ចការពហុភាគី និងដើរតួនាទីវិជ្ជមានសម្រាប់សន្តិភាព និងការអភិវឌ្ឍន៍ពិភពលោក។
ក្នុងជំនួបតាមរយៈវីដេអូអនឡាញនៅដើមឆ្នាំនេះ ប្រធានាធិបតីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈស៊ីជម្រៅលើបញ្ហាអន្តរជាតិ និងតំបន់ដែលមានផលប្រយោជន៍ទៅវិញទៅមក ហើយបានយល់ព្រមរក្សាទំនាក់ទំនងជាយុទ្ធសាស្ត្រនៅឆ្នាំ២០២៥៕
អត្ថបទ៖ សារ៉ាយ រូបភាព៖ ក្រសួងការបរទេសចិន