សហរដ្ឋអាមេរិក នឹងត្រូវចាកចេញពីអង្គការសុខភាពពិភពលោក WHO ក្រោមការបញ្ជាពីប្រធានាធិបតីថ្មី Donald Trump ដែលបានប្រកាសកាលពីថ្ងៃចន្ទ ទី២០ ខែមករា បន្ទាប់ពីលោកអះអាងថា សមាជិកភាពនៅ WHO មិនមានអត្ថប្រយោជន៍ដល់អាមេរិកឡើយ គឺមានតែការខាតបង់ប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។


លោក Trump បាននិយាយថា WHO បានទាមទារប្រាក់ពីអាមេរិកក្នុងទំហំច្រើនលើសលុប បើធៀបនឹងមហាអំណាចធំៗផ្សេងទៀត ដូចជាចិនជាដើម ខណៈពួកគេបានបរាជ័យក្នុងការគ្រប់គ្រងស្ថានការណ៍ ដូចជាការរាតត្បាតជំងឺកូវីដ ១៩ ដែលធ្វើឲ្យខូចខាតសេដ្ឋកិច្ចពិភពលោករាប់ទ្រីលានដុល្លារ។ លោក Trump បានសង្កត់ធ្ងន់ថា ទង្វើទាំងនេះ មិនបានផ្ដល់ផលប្រយោជន៍អីដល់សហរដ្ឋអាមេរិកឡើយ ដូច្នេះចាកចេញបន្ទាន់ ទើបមិនខាតធ្ងន់។
សហរដ្ឋអាមេរិក នឹងចាកចេញពីអង្គការសុខភាពពិភពលោក និងឈប់ផ្គត់ផ្គង់ហិរញ្ញវត្ថុដល់ទីភ្នាក់ងារមួយនេះ ក្នុងរយៈពេល ១២ខែ ស្របពេលការចាកចេញរបស់អាមេរិក នឹងធ្វើឲ្យ WHO ជួបប្រទះផលវិបាកផ្នែកហិរញ្ញវត្ថុជាខ្លាំង។
កន្លងមកអាមេរិកគឺជាអ្នកផ្ដល់ជំនួយហិរញវត្ថុធំបំផុតរបស់ WHO សម្រាប់ការអនុវត្តកម្មវិធីសុខភាពរបស់ខ្លួនទូទាំងពិភពលោក ហើយបើអាមេរិកស្រាប់តែប្រកាសដកខ្លួនបែបនេះ កម្មវិធីមួយចំនួនរបស់ WHO អាចប្រឈមនឹងការបិទបណ្ដោះអាសន្ន៕
អត្ថបទ៖ Luffy រូបភាព៖ Reuters