ប្រធាន JCI Mekong Local គឹម សុខអេង បានបង្ហោះសារជូនពរឆ្នាំថ្មី ទៅដល់អ្នកដឹកនាំវ័យក្មេងដែលមានគោលបំណងរួមគ្នា កសាងភាពច្នៃប្រតិដ្ឋដែលនាំទៅរកផលវិជ្ជមានក្នុងសង្គម។
អ្នកឧកញ៉ា គឹម សុខអេង ប្រធាន JCI Mekong Local បានចេញសារវែងអន្លាយ ដោយមានខ្លឹមសារល្អៗ ជួយជាគំនិតដល់ទំពាំងជំនាន់ក្រោយក្នុងសង្គមជាតិ ដែលបេសកកម្មរបស់ JCI គឺ ផ្ដល់សិទ្ធិអំណាចដល់យុវជនសកម្ម ឲ្យក្លាយជាភ្នាក់ងារនៃការផ្លាស់ប្ដូរ លើកកម្ពស់គុណភាពជីវិត និងលើកកម្ពស់សុខុមាលភាពសង្គម។


អ្នកឧកញ៉ាបានលើកឡើងថា “ឆ្នាំនេះ ពួកយើងបានត្រៀមខ្លួនរួចជាស្រេច ក្នុងការទទួលយកបញ្ហាប្រឈម និងគំនិតផ្ដួចផ្ដើមដ៏គួរឲ្យរំភើប ដែលនឹងមិនត្រឹមតែជំរុញឲ្យមានការរីកចម្រើនផ្ទាល់ខ្លួន និងភាពជាអ្នកដឹកនាំនៅក្នុងសមាជិករបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញឲ្យមានការផ្លាស់ប្ដូរដ៏មានអត្ថន័យនៅក្នុងតំបន់មេគង្គផងដែរ”។
ក្នុងសារនោះផងដែរ អ្នកឧកញ៉ាក៏បានលើកទឹកចិត្តឲ្យអ្នកចូលរួមសកម្មនៅក្នុងកម្មវិធីរបស់ JCI ចែករំលែកគំនិតរបស់អ្នកចូលរួម និងបន្តការបង្ហាញពីតម្លៃនៃ JCI ដែលគោលបំណង គឺបន្តពង្រឹងបណ្ដាញអ្នកដឹកនាំ និងអ្នកបង្កើតការផ្លាស់ប្ដូរ។ ក្រោយទទួលតំណែងប្រធាន JCI Mekong អ្នកឧកញ៉ា គឹម សុខអេង មមាញឹកក្នុងការដឹកនាំ និងតម្រង់ទិសដល់សមាជិកទាំងអស់តាំងពីចុងឆ្នាំ ២០២៤ មកម៉្លេះ៕
អត្ថបទ៖ មេរ៉ា, រូបភាព៖ Kim SokEng