អតីតបុគ្គលិកធនាគារធំបំផុតនៅជប៉ុន ត្រូវបានចាប់ខ្លួនពីបទលួចមាស ២០គីឡូក្រាម

អតីតបុគ្គលិករបស់ធនាគារ MUFG Bank ដែលជាធនាគារធំបំផុតប្រចាំប្រទេសជប៉ុន ត្រូវបានចាប់ខ្លួនពីបទលួចដុំមាសទំងន់ ២០គីឡូក្រាម គិតជាប្រាក់ ២៦០លានយ៉េន ឬប្រហែល ១,៦លានដុល្លារ ពីទូដែករបស់អតិថិជន។

តាមដានជាមួយយើង៖ Million Times

សារព័ត៌មាន The Japan Times បានរាយការណ៍ថា អ្នកនាង Yukari Imamura វ័យ ៤៦ឆ្នាំ ត្រូវបានប៉ូលិសចាប់ខ្លួនកាលពីថ្ងៃអង្គារ បន្ទាប់ពីទទួលពាក្យបណ្ដឹងទាក់ទងនឹងការលួចដុំមាស ពីអតិថិជនចំនួន ២រូប កាលពីខែកញ្ញាឆ្នាំទៅ។

អតីតបុគ្គលិកផ្នែកកាន់សោរទូដែកម្នាក់នោះ ត្រូវបានគេចោទប្រកាន់ថា នាងបានយកដុំមាសទាំងនោះទៅលក់នៅហាងបញ្ចាំជាច្រើនកន្លែង ហើយបានយកថវិកាទាំងនោះ យកទៅរកស៊ីបណ្ដាក់ទុនផ្សេងៗ។

អ្នកនាង Imamura ក៏ត្រូវរងការចោទប្រកាន់មួយករណីទៀត គឺការលួចលុយអតិថិជនប្រហែល ៦០នាក់ពីទូដែករបស់ពួកគេ ចន្លោះពីខែមេសា ឆ្នាំ២០២០ ដល់ខែតុលា ឆ្នាំ២០២៤ សរុបជាទឹកប្រាក់ច្រើនជាង ១ពាន់លានយ៉េនផងដែរ។ បច្ចុប្បន្ន អ្នកនាង Imamura កំពុងត្រូវឃុំខ្លួននៅប៉ុស្តិ៍ប៉ូលិស ដើម្បីស៊ើបសួរចម្លើយបន្ថែម និងរង់ចាំការកាត់ទោសពីតុលាការ៕

អត្ថបទ៖ Luffy រូបភាព៖ VNExpress