ក្រោយមានការសម្របសម្រួលពីអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាលោកជំទាវ ជា សិរី ឲ្យអ្នកខ្ចីពីបុរីក្នុងអត្រាការប្រាក់ខ្ពស់ អាចផ្ទេរបំណុលទៅគ្រឹះស្ថានធនាគារវិញក្នុងអត្រាការប្រាក់ទាប លោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ក៏បានជំរុញឲ្យទាំងម្ចាស់អ្នកខ្ចី និងម្ចាស់កម្ចី ឆាប់ធ្វើការនេះ ព្រោះចំណេញបានច្រើន ហើយអត្រាការប្រាក់ខុសគ្នា ១ភាគ៣ ឯណោះ។
ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាលោកអ្នកឧកញ៉ា លី ហួរ បានជំរុញអតិថិជន និងក្រុមអ្នកអភិវឌ្ឍន៍គម្រោងបុរី ផ្ទេរកម្ចីពីម្ចាស់បុរី មកធនាគារ ដើម្បីទទួលបានផលចំណេញ និងជួយដល់វិស័យអចលនទ្រព្យទាំងអស់គ្នា ខណៈការបង់រំលស់ រវាងម្ចាស់បុរី និងធនាគារ មានអត្រាការប្រាក់ខុសគ្នារហូតទៅដល់ ១ភាគ៣។
ភាគទុនិកធនាគារ អេស ប៊ី អាយ លី ហួរ បានបន្តទៀតថា ការផ្ទេរបំណុលទៅគ្រឹះស្ថានធនាគារវិញ ជាចំណុចល្អប្រសើរទាំងអ្នកទិញផ្ទះ និងអ្នកអភិវឌ្ឍន៍ទាំងអស់។ ពីមុនអ្នកទិញ បង់អត្រាការប្រាក់ខ្ពស់ ហើយឥឡូវខុសគ្នា ១ភាគ៣។ ដោយអត្រាបង់ការប្រាក់ពីមុន ទាបណាស់ក៏ ១២% ឡើង តែឥឡូវអ្នកទិញផ្ទះទៅធនាគារបង់តែ ៨%។
គួរបញ្ជាក់ថា កាលពីអំឡុងដើមឆ្នាំ ២០២៥ ក្នុងកិច្ចប្រជុំមួយរៀបចំឡើងនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រវាងប្រធានធនាគារជាតិ លោកជំទាវ ជា សិរី ជាមួយវិស័យអចលនទ្រព្យ ព្រមទាំងតំណាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលជួយឲ្យអ្នកខ្ចីពីបុរីក្នុងអត្រាការប្រាក់ខ្ពស់ អាចផ្ទេរបំណុលទៅគ្រឹះស្ថានធនាគារវិញក្នុងអត្រាការប្រាក់ទាប ៕
អត្ថបទ៖ មេរ៉ា, រូបភាព៖ HDAC