ប្រធានាធិបតីអាមេរិក ចូ បៃដិន បានចុះហត្ថលេខាលើសេចក្ដីប្រកាសមួយ ស្ដីពីការបង្កើតវិមានជាតិថ្មីចំនួន២ នៅរដ្ឋកាលីហ្វ័រញ៉ា បន្ទាប់ពីពន្យារពេលអស់ជាងមួយសប្ដាហ៍ ដោយសារហេតុការណ៍ភ្លើងឆេះព្រៃនៅទីក្រុង Los Angeles។


ទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍ថា វិមានជាតិថ្មីចំនួន២នោះ គឺមានឈ្មោះថា Chuckwalla National Monument មានទីតាំងស្ថិតនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា ក្បែរឧទ្យានជាតិ Joshua Tree និងមួយទៀតគឺ Sáttítla Highlands National Monument ស្ថិតនៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា។
វិមានជាតិថ្មីចំនួន២នេះ បង្កើតឡើងដើម្បីឧទ្ទិសដឹងគុណ ចំពោះជនជាតិដើមអាមេរិក ដែលបានការពារដែនដី និងវាលខ្សាច់ធម្មជាតិ ពីការជីករុករកប្រេង និងឧស្ម័ន។
ការបង្កើតវិមានជាតិទាំងនេះ គឺធ្វើឡើងដើម្បីស្របតាមកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលលោកបៃដិន ដែលមានចក្ខុវិស័យអភិរក្សដែនដី និងដែនទឹកអាមេរិក ឲ្យបាន ៣០% នៅត្រឹមឆ្នាំ២០៣០ ពោលថ្មីៗនេះលោក បៃដិន ក៏បានចេញសេចក្ដីប្រកាសហាមឃាត់ការឃួងយកប្រេង និងឧស្ម័ន តាមឈូងសមុទ្រអាមេរិក រួមបញ្ចូលទាំងរដ្ឋកាលីហ្វ័រញ៉ាផងដែរ៕
អត្ថបទ៖ Luffy រូបភាព៖ AP