គ្រួសារមហាសេដ្ឋីថៃប្ដឹងទារសំណងជិត ៣ពាន់លានពីក្រុមហ៊ុនអ៊ីតាលី ជុំវិញឧបទ្ទវហេតុ ៦ឆ្នាំមុន

ក្រុមគ្រួសារមហាសេដ្ឋីថៃ Vichai Srivaddhanaprabha ដែលជាអតីតម្ចាស់ក្លឹបបាល់ទាត់ Leicester City និងបានទទួលមរណភាពក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រកាលពីឆ្នាំ២០១៨ បានប្ដឹងក្រុមហ៊ុនផលិតយន្តហោះអ៊ីតាលី Leonardo SpA ទាមទារសំណង ២,១៥ពាន់លានផោន ឬប្រហែល ២,៦៥ពាន់លានដុល្លារ។

តាមដានជាមួយយើង៖ Million Times

យោងតាមការចុះផ្សាយពីកាសែត Guardian បានឲ្យដឹងថា កូនចៅរបស់លោក Vichai អះអាងថា ឧបទ្ទវហេតុមួយនោះ គឺបណ្ដាលមកពីភាពធ្វេសប្រហែសរបស់ក្រុមហ៊ុន ដូច្នេះពួកគេត្រូវទទួលខុសត្រូវ និងរ៉ាប់រងថ្លៃសងជំងឺចិត្ត ដែលធ្វើឲ្យគ្រួសារមហាសេដ្ឋីថៃ បាត់បង់មនុស្សជាទីស្រឡាញ់។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ កូនប្រុសលោក Vichai លោក Aiyawatt Srivaddhanaprabha បាននិយាយថា «គ្រួសាររបស់ខ្ញុំមានការសោកសង្រេគជាខ្លាំង ដែលបាត់បង់ឪពុកជាទីស្រឡាញ់។ ឪពុករបស់ខ្ញុំទុកចិត្តក្រុមហ៊ុន Leonardo ពេលដែលគាត់ទិញឧទ្ធម្ភាគចក្រពីពួកគេ តែពេលកើតមានហេតុការណ៍នោះ វាបង្ហាញច្បាស់ថា ពួកគេបានបោកប្រាស់ទំនុកចិត្តឪពុកខ្ញុំ ដូច្នេះពួកគេត្រូវតែទទួលខុសត្រូវចំពោះការស្លាប់របស់គាត់»។

គួររំលឹកបន្តិចថា កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ មានហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្ររបស់អតីតម្ចាស់ក្លឹប Leicester City នៅក្រៅទីលាន King Power ដែលធ្វើឲ្យមានមនុស្សស្លាប់ចំនួន ៥នាក់។ ឆ្លងកាត់ការស៊ើបអង្កេតបានបង្ហាញថា ការធ្លាក់ឧទ្ធម្ភាគចក្រនោះ បណ្ដាលមកពីបញ្ហាម៉េកានិច ដែលធ្វើឲ្យពួកគេមិនអាចបញ្ជាគ្រឿងចក្របាន៕

អត្ថបទ៖ Luffy រូបភាព៖ Guardian