នាព្រឹកថ្ងៃពុធ ទី១៥ ខែមករា ក្រុមអ្នកស៊ើបអង្កេត និងអាជ្ញាធរកូរ៉េខាងត្បូង បានចាប់ខ្លួនប្រធានាធិបតី Yoon Suk Yeol បានសម្រេចជុំវិញការចោទប្រកាន់ពីបទចេតនាបះបោរ ទាក់ទងនឹងការចេញច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី០៣ ខែធ្នូកន្លងទៅ។
ទីភ្នាក់ងារព័ត៌មាន AFP បានចុះផ្សាយថា តាមរយៈការចាប់ខ្លួននេះ បានធ្វើឲ្យលោក Yoon ក្លាយជាប្រមុខរដ្ឋទីមួយប្រចាំប្រវត្តិសាស្ត្រកូរ៉េខាងត្បូង ដែលត្រូវបានឃាត់ខ្លួន អំឡុងពេលកាន់អំណាច។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយបានឲ្យដឹងថា «ទីស្នាក់ការកណ្តាលស៊ើបអង្កេតរួម បានអនុវត្តដីកាចាប់ខ្លួនលោកប្រធានាធិបតី Yoon Suk Yeol នៅថ្ងៃនេះដោយជោគជ័យ ត្រឹមម៉ោង ១០ និង ៣៣នាទីព្រឹក»។
គួរបញ្ជាក់ដែរថា នាព្រឹកព្រលឹមថ្ងៃទី១៥ ខែមករានេះ ក្រុមប៉ូលិសច្រើនជាង ៣ ០០០នាក់ បានប្រមូលផ្ដុំគ្នានៅមុខនិវេសនដ្ឋានរបស់ប្រធានាធិបតីកូរ៉េខាងត្បូង ដើម្បីអនុវត្តដីការចាប់ខ្លួនលើកទី២ ខណៈលោក Yoon ព្រមប្រគល់ខ្លួនតាមសម្រួល ដើម្បីជៀសវៀងការកើតមានអំពើហិង្សា។ បច្ចុប្បន្ន លោក Yoon Suk Yeol កំពុងស្ថិតនៅទីភ្នាក់ងារប្រឆាំងអំពើពុករលួយ ដើម្បីរង់ចាំការសួរចម្លើយពីក្រុមស៊ើបអង្កេត ទាក់ទងនឹងការចោទប្រកាន់ពីបទបះបោរ និងការចេញច្បាប់អាជ្ញាសឹកមួយរយៈខ្លី បង្កភាពចលាចលពេញផ្ទៃប្រទេសកាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤៕
អត្ថបទ៖ Luffy រូបភាព៖ WOODTV