កាលពីប៉ុន្មានខែមុន ស្ថាបនិកក្រុមហ៊ុន Amazon មហាសេដ្ឋី Jeff Bezos បានច្រានចោលនូវចចាមអារ៉ាមថា លោកបានចាយលុយ ៦០០លានដុល្លារ ដើម្បីរៀបចំពិធីមង្គលការនៅទីក្រុង Aspen ខណៈថ្មីៗនេះស្រាប់តែលឺល្ហៀងៗមកថា គម្រោងរៀបការជាមួយមិត្តស្រីរបស់លោក នឹងកើតឡើងឆាប់ៗ ហើយកញ្ចប់ចំណាយគឺមានរហូតដល់ ៥០០លានដុល្លារ។
ខុសប្លែកពីសព្វមួយដង ដោយលើកនេះ មហាសេដ្ឋីអាមេរិកបែរជានៅស្ងៀម មិនមានប្រតិកម្មជុំវិញចចាមអារ៉ាមមួយនេះឡើយ។
អ្នកយកព័ត៌មាន Paula Froelich ពីកាសែត NewsNation បានឲ្យដឹងថា នាងបានលឺមិត្តស្រីរបស់លោក Bezos អ្នកនាង Lauren Sanchez ជជែកគ្នាជាមួយមិត្តភក្ដិក្នុងបន្ទប់ទឹក នៃពិធីជប់លៀងមួយកន្លែង ដោយពួកគេនិយាយថា ពិធីមង្គលការ នឹងធ្វើឡើងនៅលើនាវាផ្ទាល់ខ្លួនរបស់លោក Jeff Bezos។
ប្រភពដដែលបន្ថែមថា នាវាដែលគ្រោងរៀបចំជាកន្លែងប្រារព្ធពិធីមង្គលការ មានឈ្មោះថា Koru តម្លៃ ៥០០លានដុល្លារ និងជានាវាតែមួយដែលម្ចាស់ក្រុមហ៊ុន Amazon និងគូស្នេហ៍ បានរៀបចំពិធីភ្ជាប់ពាក្យកាលពីខែឧសភា ឆ្នាំ២០២៣។
ពេលវេលានៃការរៀបចំមង្គលការ របស់មហាសេដ្ឋីមានបំផុតលើលោកទី២ រូបនេះ មិនទាន់បញ្ជាក់ច្បាស់នោះឡើយ ដោយគ្រាន់តែត្រូវបានគេរំពឹងថា នឹងរៀបចំនៅក្នុងរដូវផ្ការីក ឬរដូវក្ដៅ នៅលើនាវា Koru ដែលកំពុងចតទុកក្នុងប្រទេសអ៊ីតាលី៕
អត្ថបទ៖ Luffy រូបភាព៖ MSN