គណៈរដ្ឋមន្ត្រីថៃអនុម័តសេចក្ដីព្រាងច្បាប់ បង្កើតកាស៊ីណូ និងល្បែងស៊ីសងស្របច្បាប់

នាថ្ងៃចន្ទ ទី១៣ ខែមករា គណៈរដ្ឋមន្ត្រីនៃប្រទេសថៃបានអនុម័តលើសេចក្ដីព្រាងច្បាប់មួយ ស្ដីពីការបង្កើតកាស៊ីណូ និងល្បែងស៊ីសងស្របច្បាប់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

លោកស្រីនាយករដ្ឋមន្ត្រី Paetongtarn Shinawatra បានលើកឡើងថា ការបង្កើតកាស៊ីណូ និងល្បែងស៊ីសងស្របច្បាប់ នឹងជួយដល់វិស័យទេសចរណ៍ ជំរុញការវិនិយោគ និងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ។

តាមដានជាមួយយើង៖ Million Times

សេចក្ដីព្រាងច្បាប់មួយនោះ នឹងត្រូវបញ្ជូនទៅកាន់សភាដើម្បីពិចារណា ហើយបើសិនជាទទួលបានការយល់ព្រម ប្រទេសថៃនឹងមានកាស៊ីណូទ្រង់ទ្រាយធំជាច្រើនកន្លែង។

កន្លងមក រដ្ឋាភិបាលថៃបានព្យាយាមបង្កើតច្បាប់ ដើម្បីអនុញ្ញាតឲ្យការធ្វើអាជីវកម្មក្នុងវិស័យកាស៊ីណូ និងល្បែងស៊ីសងស្របច្បាប់ ដើម្បីជំរុញកំណើនភ្ញៀវទេសចរណ៍ ក៏ប៉ុន្តែវាត្រូវបានរារាំងដោយក្រុមអ្នកអភិរក្ស ដែលជាភាគច្រើនជាពុទ្ធសាសនិក។

អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Julapun Amornvivat បានមានប្រសាសន៍ថា បើសិនជាផែនការមួយនេះ ពិតជាអាចសម្រេចតាមការគ្រោងទុក វានឹងមានលទ្ធភាពបង្កើតឱកាសការងារចន្លោះពី ៩ ០០០ រហូតដល់ ១៥ ០០០កន្លែង សម្រាប់ប្រជាជនក្នុងប្រទេស៕

អត្ថបទ៖ Luffy រូបភាព៖ Reuters