Trump នឹងមិនលូកដៃក្នុងអាជីវកម្មគ្រួសារទៀតឡើយ ពេលក្លាយជាប្រធានាធិបតីអាមេរិក

កាលពីថ្ងៃទី១០ ខែមករា ក្រុមហ៊ុនខ្នាតយក្ស Trump Organization បានប្រកាសថា ស្ថាបនិករបស់ខ្លួន លោក Donald Trump នឹងមិនរវីរវល់ជាមួយនឹងអាជីវកម្មបែបគ្រួសារនេះតទៀតទេ បន្ទាប់ពីលោកស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកនារយៈពេលដ៏ខ្លីខាងមុខ។

ទីភ្នាក់ងារព័ត៌មាន Reuters បានដកស្រង់សម្ដីអ្នកនាំក្រុមហ៊ុន Trump Organization ថា លោក Trump នឹងផ្ទេរសិទ្ធអាជីវកម្មតម្លៃរាប់ពាន់លានដុល្លារ រួមមានអចលនទ្រព្យ សណ្ឋាគារ ទីលានវាយកូនហ្គោល និងស្ថានីយផ្សព្វផ្សាយនានា ទៅឲ្យកូនៗទាំងអស់របស់លោកជាអ្នកគ្រប់គ្រងវិញ។

តាមដានជាមួយយើង៖ Million Times

មិនត្រឹមតែប្រគល់សិទ្ធគ្រប់គ្រងអាជីវកម្មទាំងស្រុងឲ្យកូនៗឡើយ លោក Trump ថែមទាំងអះអាងទៀតថា លោកនឹងមិនអង្គុយនៅកៅអីជាប្រធាន ឬសមាជិកក្រុមប្រឹក្សាភិបាលប្រចាំក្រុមហ៊ុននោះទេ។ នេះមានន័យថា អនាគតប្រធានាធិបតីអាមេរិក នឹងប្រលែងដៃចោលអាជីវកម្មទាំងអស់ មិនខ្ចីរវីរវល់សូម្បីបន្តិច។

ទោះជាលែងខ្វាយខ្វល់ជាមួយមុខជំនួញតម្លៃរាប់សិបពាន់លានដុល្លារក្ដី តែប្រធានាធិបតីជាប់ឆ្នោតអាមេរិករូបនេះ មិនឈឺក្បាលហាលថ្ងៃពីការចំណាយផ្សេងៗ ដ្បិតលោក Donald Trump មានងារជាមហាសេដ្ឋី ដែលមានទ្រព្យសម្បត្តិរហូតដល់ ៦ពាន់លានដុល្លារ គួបផ្សំប្រាក់ខែរបស់ប្រធានាធិបតី ដែលទទួលបានប្រហែល ៤០០ ០០០ដុល្លារប្រចាំឆ្នាំថែមទៀត៕

អត្ថបទ៖ Luffy រូបភាព៖ The Australian