មូលនិធិសោធននិវត្តន៍ធំបំផុតនៅអឺរ៉ុប លក់ភាគហ៊ុនទាំងអស់ក្នុងក្រុមហ៊ុន Tesla

មូលនិធិសោធននិវត្តន៍ធំដាច់គេប្រចាំសហភាពអឺរ៉ុប Stichting Pensioenfonds ABP បានប្រកាសលក់ភាគហ៊ុនរបស់ខ្លួនដែលមានទាំងអស់នៅក្នុងក្រុមហ៊ុន Tesla ប្រហែល ៥៨៥លានដុល្លារ បន្ទាប់ពីមានការខ្វែងគំនិតក្នុងការផ្ដល់កញ្ចប់សំណងរបស់មហាសេដ្ឋី Elon Musk។

តាមដានជាមួយយើង៖ Million Times

អ្នកនាំពាក្យ ABP បាននិយាយថា ពួកគេមានការមិនពេញចិត្តជាមួយសេចក្ដីសម្រេចសងសំណង ៥៦ពាន់លានដុល្លារ ពីក្រុមប្រឹក្សាភិបាល ទៅកាន់លោក Musk ដូច្នេះទើបពួកគេសម្រេចលក់ភាគហ៊ុនទាំងអស់ដែលមានក្នុងក្រុមហ៊ុនមួយនេះ។

ក្រៅពីហេតុផលខាងលើ កាសែតហូឡង់ Het Financieele Dagblad ក៏បានបង្ហើបដែរថា ABP មិនពេញចិត្តជាមួយព័ត៌មាន ទាក់ទងនឹងចចាមអារ៉ាមពីភាពអយុត្តិធម៌នៅកន្លែងធ្វើការក្នុងក្រុមហ៊ុន Tesla ទើបបានជាពួកគេសម្រេចចិត្តបញ្ចប់ដំណើរជាមួយក្រុមហ៊ុនមហាសេដ្ឋីអាមេរិក។

គួររំលឹកបន្តិចថា ABP បានបោះឆ្នោតប្រឆាំងនឹងការផ្ដល់កញ្ចប់សំណង ៥៦ពាន់លានដុល្លារ ទៅកាន់មហាសេដ្ឋី Elon Musk កាលពីខែមិថុនា ដោយអះអាងថា វាបង្កភាពចម្រូងចម្រាស់ និងមានចំនួនខ្ពស់ខ្លាំងពេក។

បើទោះជាទទួលបានការឯកភាពពីក្រុមប្រឹក្សាភិបាលក្ដី ក៏ប៉ុន្តែចៅក្រមរដ្ឋ Delaware នៅតែប្រកាន់ជំហរយ៉ាងរឹងមាំ មិនអនុម័តកញ្ចប់សំណងនោះដដែល ដោយបញ្ជាក់ថា លោក Elon Musk មានឥទ្ធិពលខ្លាំងពេក និងបានបញ្ចុះបញ្ចូលសមាជិកក្រុមប្រឹក្សាភិបាល បោះឆ្នោតឲ្យលោកទទួលបានប្រាក់សំណង ៥៦ពាន់លានដុល្លារនោះ៕

អត្ថបទ៖ Luffy រូបភាព៖ LERO FIBRAS