២០២៤ កម្ពុជាមានទំហំ​ពាណិជ្ជកម្ម​នាំ​ចេញ-ចូល សរុបទឹកប្រាក់ ៥៤.៧៤ ពាន់​លាន​ដុល្លារ​អាមេរិក

នៅ​ថ្ងៃ​១០ ខែ​មករា ឆ្នាំ ២០២៥ នេះ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ចេញផ្សាយឲ្យ​ដឹង​ពី​ ទំហំ​ពាណិជ្ជកម្ម​នាំ​ចេញ-នាំ​ចូល​សរុប​របស់​កម្ពុជា បាន​ឈាន​ដល់ ៥៤.៧៤ ពាន់​លាន​ដុល្លារ​អាមេរិក កាលពី​ឆ្នាំ ២០២៤។ នេះ​មាន​ន័យ​ថា បានកើន​ឡើង ១៦,៩% ពី​ចំនួន ៤៦.៨២ ពាន់​លាន​ដុល្លារ​អាមេរិក​នា​ឆ្នាំ ២០២៣។

តាមដានជាមួយយើង៖ Million Times

កំណើន​ឡើង​ជិត ១៧% នៃ​ទំហំ​ពាណិជ្ជកម្ម​នាំចេញ-នាំចូល​ របស់កម្ពុជា ជា​ការ​ឆ្លុះបញ្ចាំង​ពី​សកម្មភាព​សេដ្ឋកិច្ច​រឹងមាំ និង​ទំនាក់ទំនង​ពាណិជ្ជកម្ម​អន្តរជាតិ ​កាន់តែ​​រីកចម្រើន​ជា​បន្តបន្ទាប់​ផង​ដែរ។ ទិន្នន័យ​​បង្ហាញ​ដោយ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​បង្ហាញ​យ៉ាង​លម្អិត ចាប់ពី​ខែ​មករា ដល់​ខែ​ធ្នូ ឆ្នាំ ២០២៤ កម្ពុជា បាន​នាំ​ចេញ​មុខ​ទំនិញ​នានា​ទៅ​កាន់​ទី​ផ្សារ​ក្នុង​តំបន់ និង​ពិភពលោក មាន​ទំហំ​ទឹក​ប្រាក់​សរុប​ប្រមាណ ២៦.១៩ ពាន់​លាន​ដុល្លារ​អាមេរិក កើន​ឡើង ១៥.៧% ខណៈ​ការ​នាំ​ចូល​មុខ​ទំនិញ​ផ្សេង​ៗ​ត្រឡប់​មក​វិញ មាន​ទំហំ​ទឹកប្រាក់​សរុប​ប្រមាណ ២៨.៥៤ ពាន់​លាន​ដុល្លារ​អាមេរិក កើន​ឡើង ១៨% បើ​ធៀប​នឹង​ឆ្នាំ ២០២៣។

កំណើន​ទំហំ​ពាណិជ្ជកម្ម ពិតជា​ឆ្លុះ​បញ្ចាំង​កាន់តែ​ប្រសើរ​ឡើង​នៃ​សង្វាក់​ផលិតកម្មក្នុងស្រុក និង​ភាព​ធន់​សេដ្ឋកិច្ច​កម្ពុជា ព្រម​ទាំង​ការ​ងើប​ឡើង​ជា​បណ្ដើរ​ៗ​នៃ សេដ្ឋកិច្ច​របស់​បណ្តា​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​សំខាន់​ៗ​របស់​កម្ពុជា ​មាន​ដូចជា អាមេរិក,ចិន និង​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​សហភាព​អឺរ៉ុប និង​អាស៊ាន។

ងាក​មក​មើល​មុខ​ទំនិញ​សំខាន់​ៗ​របស់​កម្ពុជា ដែល​ត្រូវ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​មាន ជា​ផលិតផល​វាយនភណ្ឌ​កាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និង​ទំនិញ​ធ្វើដំណើរ, ផលិតផល​កសិកម្ម ​មាន​ដូចជា ស្រូវ អង្ករ គ្រាប់ស្វាយចន្ទី ​ដំឡូងមី​កៅស៊ូ, គ្រឿង​សង្ហារិម, សំបក​កង់​រថយន្ត, បន្ទះ​សូឡា, កង់, សម្ភារៈ​អគ្គិសនី, គ្រឿង​បង្គុំ​អេឡិចត្រូនិក និង​គ្រឿង​បង្គំ​យានយន្ត ជាដើម។

ចំណែកមុខទំនិញសំខាន់ៗ ដែលកម្ពុជា នាំចូលវិញ មានដូចជា វត្ថុធាតុដើមវាយនភណ្ឌកាត់ដេរ, ប្រេង​ឥន្ធនៈ, គ្រឿង​អេឡិចត្រូនិក, យានយន្ត គ្រឿងចក្រ, សម្ភារៈសំណង់, គ្រឿងឧបភោគបរិភោគ គ្រឿង​សម្អាង ឱសថ និងបរិក្ខាពេទ្យ៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ Gov