ម្ចាស់ក្រុមហ៊ុនទូកដ៏ល្បី ទៀ វិចិត្រ បើកវគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ចដល់អ្នកបើកអូប័រ

អ្នកឧកញ៉ា ទៀ វិចិត្រ ដែល​ជា​អ្នក​ជំនួញ​ល្បីឈ្មោះ​ផ្នែក​ដឹកជញ្ជូន​តាម​ផ្លូវទឹក បាន​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​បដិសណ្ឋារកិច្ច​ល្អ ដល់​បុគ្គលិក​អូប័រ​របស់​ក្រុមហ៊ុន​លោក ដើម្បី​ពង្រឹង​គុណភាព​សេវាកម្ម​ដឹកជញ្ជូន​ភ្ញៀវ​ទេសចរ​តាម​ផ្លូវទឹក​កាន់តែ​មាន​ប្រសិទ្ធភាព និង​ឲ្យ​ភ្ញៀវ ពេញ​ចិត្ត ធ្វើ​ដំណើរ​តាម​ទៅ​កាន់​គោលដៅ។

តាមដានជាមួយយើង៖ Million Times

អគ្គនាយក​ក្រុមហ៊ុន G.T.V.C Speedboat Cambodia ទៀ វិចិត្រ បាន​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល ២ ថ្ងៃ ស្ដីពី «ការ​ផ្ដល់​សេវា​បដិសណ្ឋារកិច្ច​ល្អ» ដល់​បុគ្គលិក​បម្រើ​ការងារ​ផ្នែក​អូប័រ ៦១នាក់ ក្នុង​ចំណោម​បុគ្គលិក​អូប័រ​សរុប​ប្រមាណ ១២០ នាក់​របស់​ក្រុមហ៊ុន។

សេដ្ឋី​ផ្នែក​សណ្ឋាគារ​រូប​នេះ បាន​រៀប​ចំ​វគ្គ​បណ្ដុះបណ្ដាល​កាលពី​ថ្ងៃ​ទី ៦ និង ៧ ខែ​មករា ឆ្នាំ ២០២៥ នៅ​ក្នុង​បរិវេណ​កំពង់ផែ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បង្រៀន​ដោយ​គ្រូ​បណ្ដុះបណ្ដាល​មាន​ជំនាញ និង​បទពិសោធន៍​យូរ​ឆ្នាំ​ក្នុង​វិស័យ​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច។ មេរៀន​សំខាន់ ២ ផ្នែក​ធំ​ៗ ត្រូវ​បាន​បញ្ចូល​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​នោះ រួមមាន​ផ្នែក​ជំនាញ​ទន់ និង​ផ្នែក​បដិសណ្ឋារកិច្ច​ល្អ។

គោល​បំណង​របស់​ម្ចាស់​ជំនួញ​ធំ​នា​ភាគ​និរតី​រូប​នេះ គឺ​ចង់​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ ដោយ​មិន​ត្រឹមតែ​ចេះ​លើ​ការ​បើក​បរ​អូប័រ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បុគ្គលិក​គ្រប់រូប​ត្រូវ​ចេះ​ផ្ដល់​សេវាកម្ម​ល្អ​ជូន​ភ្ញៀវ​ទេសចរ រួសរាយ​រាក់ទាក់​ជាមួយ​ភ្ញៀវ ត្រូវ​ផ្ដល់​ព័ត៌មាន គ្រប់​ជ្រុងជ្រោយ​ពី​ម៉ោង​ពេល និង​គោលដៅ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ រួម​នឹង​ការ​ចេះ​ជំនាញ​ទន់​មួយ​ចំនួន ដើម្បី​ពង្រឹង​គុណភាព​លើ​សេវា​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរ​តាម​ផ្លូវទឹក៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ GTVC Speedboat Cambodia