ម៉ាឡេស៊ី ចាប់ដៃជាមួយសិង្ហបុរី ចុះកិច្ចព្រមព្រៀងបង្កើតតំបន់សេដ្ឋកិច្ចពិសេសរួមគ្នាមួយ

កាលពីថ្ងៃអង្គារ៍ ទី០៧ ខែមករា ប្រទេសម៉ាឡេស៊ី និងសិង្ហបុរីបានប្រកាសពីកិច្ចព្រមព្រៀង បង្កើតតំបន់សេដ្ឋកិច្ចពិសេស (SEZ) រួមគ្នាមួយ ដែលមានទីតាំងនៅភាគខាងត្បូងនៃរដ្ឋ Johor ក្នុងប្រទេសម៉ាឡេស៊ី។

តាមដានជាមួយយើង៖ Million Times

ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយថា កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim និងនាយករដ្ឋមន្ត្រីសិង្ហបុរី Lawrence Wong អំឡុងពេលលោក Wong ដឹកនាំគណៈប្រតិភូ បំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី។

កិច្ចព្រមព្រៀងនេះមានបំណងបង្កើនការគាំទ្រដល់ការវិនិយោគ និងជួយសម្រួលដល់ការធ្វើពាណិជ្ជកម្ម ក៏ដូចជាបង្កើនភាពជិតស្និទ្ធរវាងប្រជាជននៃប្រទេសទាំង២ ឲ្យកាន់តែខ្លាំងមួយកម្រិតថែមទៀត។

លោក Wong បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាមួយលោក Anwar ថា «នេះគឺជាគម្រោងដ៏សំខាន់មួយ ដែលជួយដល់ការប្រកួតប្រជែង លើកកំពស់សំណើតម្លៃទំនិញរបស់យើង និងរួមគ្នាទាក់ទាញការវិនិយោគបន្ថែមទៀតមកកាន់ឆ្នេរសមុទ្ររបស់យើង។ នៅពេលចរចាកិច្ចព្រមព្រៀង ភាគីទាំងពីរបានចូលរួមយ៉ាងសកម្ម ដើម្បីធានាថា តំបន់សេដ្ឋកិច្ចពិសេសមានលក្ខខណ្ឌដើម្បីជួយអាជីវកម្មរបស់យើងរីកចម្រើនជាមួយគ្នាក្នុងរយៈពេលវែង»។

ជាមួយគ្នា លោក Anwar បានមានប្រសាសន៍ថា តំបន់សេដ្ឋកិច្ចពិសេសនេះ គឺជាគំនិតផ្ដួចផ្ដើមដ៏ប្លែក ពោលគឺជាកិច្ចសហប្រតិបត្តិការដ៏កម្ររវាងប្រទេសទាំង២ ដែលបង្កើតឡើងរួមគ្នា។ ប្រទេសទាំងពីរ មានបំណងទាក់ទាញការវិនិយោគដែលមានតម្លៃខ្ពស់ចូលទៅក្នុងរដ្ឋ Johor ក្នុងវិស័យជាច្រើនរួមមានវិស័យឧស្សាហកម្ម ដឹកជញ្ជូន ទេសចរណ៍ និងការផ្លាស់ប្តូរថាមពល។

រដ្ឋាភិបាលម៉ាឡេស៊ី នឹងបង្កើត និងគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីគាំទ្រដល់ក្រុមហ៊ុនដែលមានបំណងបោះមូលដ្ឋាននៅទីនោះ ស្របពេលសិង្ហបុរីនឹងបង្កើតមូលនិធិផ្ទាល់ខ្លួន ដើម្បីជួយសម្រួលដល់ការវិនិយោគ និងគាំទ្រដល់ក្រុមហ៊ុនសិង្ហបុរីដែលកំពុងប្រតិបត្តិការនៅរដ្ឋ Johor៕

អត្ថបទ៖ Luffy រូបភាព៖ Reuters