ក្រុមហ៊ុនរថយន្តជប៉ុន Toyota Motor ដែលមានសាខានៅទ្វីបអាមេរិកខាងជើង បានប្រកាសបរិច្ចាគទឹកប្រាក់ ១លានដុល្លារ សម្រាប់ការរៀបចំពិធីតែងតាំងលោក Donald Trump ជាប្រធានាធិបតីអាមេរិក នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។
ទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយថា ការបរិច្ចាគរបស់ក្រុមហ៊ុន Toyota បានកើតឡើង បន្ទាប់ពីក្រុមហ៊ុនខ្នាតយក្សអាមេរិក២ គឺ Ford Motor និង General Motors ប្រកាសផ្ដល់ថវិកា ១លានដុល្លារ សម្រាប់មូលនិធិខាងលើដូចគ្នា។ ប៉ុន្តែក្រុមហ៊ុនអាមេរិកទាំង២ ថែមទាំងបរិច្ចាគរថយន្ត ក្នុងកម្មវិធីមួយនោះទៀត ខណៈក្រុមហ៊ុន Toyota បរិច្ចាគត្រឹមថវិកាប៉ុណ្ណោះ។
ក្រៅពីក្រុមហ៊ុនរថយន្តធំៗខាងលើ ក៏នៅមានក្រុមហ៊ុនខ្នាតយក្សផ្សេងទៀតដូចជា Amazon និង Meta Platforms ជាដើម សុទ្ធតែបានបរិច្ចាគទឹកប្រាក់ខ្ទង់លានៗដុល្លារ ដើម្បីរៀបចំពិធីតែងតាំងប្រធានាធិបតីជាប់ឆ្នោត Donald Trump។
ការបរិច្ចាគទាំងនេះ ត្រូវបានក្រុមអ្នកវិភាគអះអាងថា ជាការយកចិត្តយកថ្លើមអនាគតមេដឹកនាំថ្មី ដើម្បីងាយស្រួលដល់ការធ្វើអាជីវកម្មរបស់ក្រុមមហាសេដ្ឋី ដែលជាម្ចាស់ក្រុមហ៊ុនទាំងនោះ៕
អត្ថបទ៖ Luffy រូបភាព៖ New York Times