សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហាញរូបភាពមួយសន្លឹកជាមួយខ្លឹមសារបញ្ជាក់នូវភារកិច្ចដ៏សំខាន់របស់អតីតមេកងទ័ពជើងកម្ពុជាមួយរូប ដែលមានបេសកកម្មការការពារឥស្សរជនបរទេសចូលរួមកិច្ចប្រជុំកំពូលអាស៊ានកាលពីឆ្នាំ២០១២ គឺអតីតប្រធានាធិបតី បារ៉ាក់ អូប៉ាមា។
នៅរសៀលថ្ងៃអង្គានេះ សម្តេចបានសរសេរយ៉ាងដូច្នេះថា៖ «អតីតឧត្តមសេនីយ៍ទោ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបច្ចុប្បន្នជាមួយអតីតប្រធានាធិបតីអាមេរិក អូបាម៉ា ក្នុងពេលអញ្ជើញមកចូលរួមប្រជុំអាស៊ាននៅភ្នំពេញឆ្នាំ២០១២»។ សម្តេចបញ្ជាក់បន្ថែមថា ពេលនោះសម្តេច ហ៊ុន ម៉ាណែត ត្រូវបានប្រគល់ការងារសហការការពារប្រធានាធិបតីអាមេរិក។
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ជាជនជាតិខ្មែរដំបូងគេដែលបានសិក្សានៅសាលាបណ្ឌិតយោធា West Point នៅសហរដ្ឋអាមេរិក និងបញ្ចប់ថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ New York និងបញ្ចប់ថ្នាក់បណ្ឌិតសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស។
គួរឲ្យដឹងថា សម្តេច ហ៊ុន ម៉ាណែត អតីតកាន់តំណែងជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងទ័ពជើងគោក ជាមេបញ្ជាការនៃកងកម្លាំងពិសេសប្រឆាំងភេរវកម្ម និង ជាមេបញ្ជាការរងនៃកងអង្គរក្សរបស់នាយករដ្ឋមន្រ្តី តាំងពីឆ្នាំ២០១៨៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ផេកសម្តេចតេជោ