ក្រុមហ៊ុន ឬទ្ធីរ៉ាប់បឺ ជប់លៀងឲ្យកម្មករចៀរជ័រកៅស៊ូដែលប្រកួតនៅវៀតណាមជាប់លំដាប់ពិន្ទុកំពូលទាំង ២ រូប

ដូច​ការ​សន្យា​របស់​អគ្គ​នាយិកា ឡេង ដាវី ដែល​លើក​ឡើង​ថា នឹង​មាន​ការ​ជប់លៀង​អបអរសាទរ​ដល់​កម្មករ​ចៀរ​ជ័រ​កៅស៊ូ​ដ៏​ជំនាញ​នៃ​ក្រុមហ៊ុន ឬទ្ធីរ៉ាប់បឺ ប្រកួត​ជាប់​ក្នុង​លំដាប់​ពិន្ទុ​កំពូល​ទាំង ២ រូប នៅ​វៀតណាម កាលពី​ប៉ុន្មាន​ថ្ងៃ​មុន។

តាមដានជាមួយយើង៖ Million Times

CEO ឡេង ដាវី បាន​ដឹកនាំ​កម្មករ​ចេញ​ទៅ​ប្រកួត​កម្មវិធី «បាត​ដៃ​មាស​ប្រមូល​ទិន្នផល​ជ័រ​កៅស៊ូ» នៅ​ខេត្ត​ប៊ិញភឿក ប្រទេស​វៀតណាម​នា​ពាក់កណ្ដាល​ខែ​ធ្នូ កន្លង​ទៅ។ ក្រោយ​ជាប់​បាន​មេដៃ​ឆ្នើម ដោយ​បេក្ខជន ២ រូប​ម្នាក់​ទទួល​បាន​ពិន្ទុ ៩៧.៥ ហើយ​បេក្ខនារី​មាន​ពិន្ទុ ៩៨.៥ ថ្នាក់​ដឹកនាំ​បាន​សន្យា ពេល​ត្រឡប់​មក​ដល់​ក្រុមហ៊ុន ឬទ្ធីរ៉ាប់បឺ នឹង​រៀបចំ​កម្មវិធី​ជប់លៀង​ដ៏​សប្បាយ​រីករាយ និង​អធិកអធម​ដល់​អ្នក​ដែល​ពាក់ព័ន្ធ​ទាំងអស់ ឲ្យ​សម​ការ​ខិតខំ​ប្រឹងប្រែង ដើម្បី​មុខមាត់​ក្រុមហ៊ុន និង​ជាតិ​មាតុភូមិ។

មុន​ការ​ជប់លៀង​ទទួល​បាន​ចំណាត់​ថ្នាក់​ល្អ សេដ្ឋី​នី ឡេង ដាវី ធ្លាប់​បាន​ផ្ដល់​រង្វាន់ ពេល​ប្រកួត​ផ្ទៃ​ក្នុង​នៅ​ខ្មែរ​ម្ដង​រួច​​មក​ហើយ រង្វាន់​ដូច​ជា​ខ្សែ​ក​មាស ប្រាក់​សុទ្ធ​ដើម្បី​លើក​ទឹក​ចិត្ត​មួយ​ចំនួន។ ក្នុង​កម្មវិធី​ជប់លៀង​កាលពី​ថ្ងៃ ២០ ខែ​ធ្នូ​កន្លង​ទៅ​ថ្មី​ៗ​នេះ បង្ហាញ​ពី​ភាព​ស្និទ្ធស្នាល​រវាង​ថ្នាក់ដឹកនាំ ឬទ្ធីរ៉ាប់បឺ និង​កម្មករ​ចៀរ​ជ័រ​ដ៏​ជំនាញ​ៗ​ទាំង​អស់ ព្រម​ទាំង​ថត​រូប និង​ញ៉ាំ​អាហារ​យ៉ាង​សប្បាយ​រីករាយ​ជាមួយ​គ្នា។

កម្មវិធី​ជប់លៀង​បាន​រៀបចំ​អាហារ​យ៉ាង​បរិបូរ ដើម្បី​អបអរ​ដល់​អ្នក​ឈ្នះ​មេដៃ​ឆ្នើម ២ រូប ព្រម​ទាំង​អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត ដែល​ជួយ​ជំរុញ​ឲ្យ​ក្រុមហ៊ុន ឬទ្ធីរ៉ាប់បឺ ទទួល​បាន​លទ្ធផល​ល្អ​នា​ឆ្នាំ​២០២៤ នេះ ហើយ​ក៏​ជា​ការ​លើក​ទឹកចិត្ត ដើម្បី​ឲ្យ​កម្មករ​បន្ត​ឈាន​ទៅ​មុខ​នៅ​ឆ្នាំ ២០២៥ ខាង​មុខ។ ទាំង​នេះ​ជា​ការ​លើកឡើង​របស់​អគ្គ​នាយិកា ឡេង ដាវី ស្ត្រី​វ័យ​ក្មេង កំពុង​ក្ដោបក្ដាប់​ជំនួញ​ជាច្រើន​ផ្នែក​របស់​សេដ្ឋី ឡេង ឫទ្ធី៕