ប្រទេសចិនកំពុងបើកការសាងសង់នូវអ្វីដែលពួកគេអអះអាងថា ជាអាកាសយានដ្ឋានលើកោះសិប្បនិមិត្តធំបំផុតលើលោក ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងទីក្រុង Dalian។
តាមរយៈការចុះផ្សាយពីទីភ្នាក់ងារព័ត៌មាន SCMP បានឲ្យដឹងថា អាកាសយានដ្ឋានថ្មីនោះ មានឈ្មោះថា Dalian Jinzhouwan International Airport ដែលលាតសន្ធឹងលើដីកោះ មានផ្ទៃក្រឡា ២០គីឡូម៉ែត្រការ៉េ។
គម្រោងការណ៍មួយនេះ ទទួលបានការបណ្ដាក់ទុនប្រហែល ៤,៣ពាន់លានដុល្លារ នឹងគ្រោងបញ្ចប់ការសាងសង់ជាស្ថាពរនៅក្នុងឆ្នាំ២០៣៥ ហើយវារំពឹងថា នឹងអាចគ្រប់គ្រងលើការដឹកជញ្ជូនទំនិញ ១លានតោនជារៀងរាល់ឆ្នាំ។
អាកាសយានដ្ឋាន Dalian Jinzhouwan International Airport នឹងក្លាយជាប្រលានយន្តហោះលើកោះសិប្បនិមិត្តដំបូងរបស់ប្រទេសចិន ហើយវាមានទំហំធំជាងប្រលានយន្តហោះអន្តរជាតិហុងកុង និងប្រលាន Kansai Airport របស់ប្រទេសជប៉ុន ខណៈអាកាសយានដ្ឋានទាំង២ នេះ សុទ្ធតែសាងសង់លើកោះសិប្បនិមិត្ត និងចាត់ទុកថា ជាប្រលានយន្តហោះធំបំផុតមួយលើលោក។
អាកាសយានដ្ឋានថ្មីរបស់ចិននេះ ត្រូវបានរំពឹងថា នឹងជួយជំរុញកំណើនសេដ្ឋកិច្ចក្នុងស្រុកមួយកម្រិតទៀត ជាពិសេសការធ្វើពាណិជ្ជកម្មជាមួយជប៉ុន និងកូរ៉េខាងត្បូង ដ្បិតទីតាំងប្រលាន គឺស្ថិតនៅក្បែរប្រទេសទាំង២ នេះ៕
អត្ថបទ៖ Luffy រូបភាព៖ SCMP