ក្រុមហ៊ុន​សមាជិកសមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជាបាននិងកំពុងបោះទុនវិនិយោគសរុបជាង ១.២ប៊ីលានដុល្លារ

បច្ចុប្បន្ននេះ​បណ្តា​ក្រុមហ៊ុន​ដែល​ជា​សមាជិកសមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា បាននិងកំពុងបោះទុនវិនិយោគសរុបប្រមាណជាង ១.២ប៊ីលានដុល្លារ និងអាចបង្កើតការងារបានប្រមាណជាង ២ ៧០០កន្លែង ដែលក្នុងនោះមានប្រមាណជាង ១ ៩០០នាក់គឺជាកម្លាំងពលកម្មក្នុងស្រុក។ 

សមាគមមានលទ្ធភាពផលិត និងចែកចាយស៊ីម៉ង់ត៍ ដើម្បីបំពេញតម្រូវការនៅក្នុងស្រុកផង និងសម្រាប់នាំចេញទៅតាមបណ្ដាប្រទេសជិតខាងមួយចំនួនផង ហើយថ្មីៗនេះ សមាគមក៏បានក្លាយជាសមាជិកសហព័ន្ធក្រុមហ៊ុនផលិតស៊ីម៉ងត៍អាស៊ាន (AFCM) ផងដែរ។ នេះបើតាមការឲ្យដឹងនៅក្នុងជំនួបសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាមួយប្រតិភូសមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា នាវិមានសន្តិភាព កាលរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤។

តាមដានជាមួយយើង៖ Million Times

ក្នុងជំនួបនោះសម្ដេច ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះសមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា ដែលបានរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើតការងារសម្រាប់ប្រជាពលរដ្ឋ និងលទ្ធភាពក្នុងការផ្គត់ផ្គង់ស៊ីម៉ង់ត៍ប្រកបដោយគុណភាព និងតម្លៃសមរម្យ។ ជាមួយគ្នានេះសម្ដេចក៏បានគូសបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយ វិធានការ និងការលើកទឹកចិត្តនានារបស់រាជរដ្ឋាភិបាល ដើម្បីធានាដល់ភាពជោគជ័យ បរិយាកាសវិនិយោគ និងភាពប្រកួតប្រជែងរបស់បណ្ដាក្រុមហ៊ុន ដែលកំពុងមានប្រតិបត្តិការអាជីវកម្មនៅកម្ពុជាផងដែរ។ 

​តប​តាម​សំណូមពរ​របស់​សមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា សម្តេច​នាយករដ្ឋមន្ត្រី​បាន​សម្រេច​បន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ ដល់ក្រុមហ៊ុន​ផលិត​សុីម៉ង់ត៍ក្នុងស្រុក ព្រមទាំងប្រគល់ភារកិច្ចឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយក្រសួងរ៉ែ និងថាមពល ធ្វើការសិក្សាលើវិធានការមួយចំនួនបន្ថែមទៀត ដើម្បីលើកយោបល់សុំការសម្រេចពីសម្តេចក្នុងគោលដៅបង្កើនភាពប្រកួតប្រជែង និងការរីកចម្រើននៃឧស្សាហកម្មស៊ីម៉ង់ត៍ ក្នុង​ការផលិត​សុីម៉ង់ត៍ក្នុងស្រុកដែល​មាន​គុណភាព​ខ្ពស់​ និង​តម្លៃ​សមសមរម្យ ដើម្បីជួយជា​ប្រយោជន៍បន្ថែមដល់ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ជា​អ្នក​ប្រេីប្រាស់៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី