នាថ្ងៃចន្ទ ទី០៩ ខែធ្នូ ក្រុមប៉ូលិសកូរ៉េខាងត្បូងបានបង្ហើបថា ពួកគេកំពុងពិចារណាហាមឃាត់ប្រធានាធិបតី Yoon Suk Yeol ក្នុងការធ្វើដំណើរក្រៅប្រទេស ខណៈការស៊ើបអង្កេតទាក់ទងនឹងបទប្រកាន់លើរូបលោក ជុំវិញការដាក់ចេញច្បាប់អាជ្ញាសឹកកាលពីសប្ដាហ៍មុន នៅដំណើរការនៅឡើយ។
ទីភ្នាក់ងារសារព័ត៌មាន AP បានចុះផ្សាយថា ប៉ូលិសម្នាក់បានប្រាប់ទៅកាន់អ្នកកាសែតក្នុងស្រុកថា ប៉ូលិសពិតជាកំពុងគិតគូរលើការហាមឃាត់ការធ្វើដំណើរក្រៅប្រទេសរបស់ប្រធានាធិបតីមែន ដោយសារពួកគេកំពុងស៊ើបអង្កេតលើរូបលោក ពីបទបះបោរ ហើយប៉ូលិសមានសិទ្ធឃាត់ខ្លួនលោក Yoon ក្នុងករណីចាំបាច់ណាមួយ។
ប្រធានាធិបតីកូរ៉េខាងត្បូង មានអភ័យឯកសិទ្ធពីការកាត់ទោសដោយប្រការណាមួយ អំឡុងពេលកាន់តំណែង ក៏ប៉ុន្តែបើសិនជាបទចោទប្រកាន់ធ្ងន់ធ្ងរដូចជាករណីបះបោរ ឬអំពើក្បត់ជាតិ រូបលោកនឹងត្រូវទទួលទោសតាមផ្លូវច្បាប់ដូចគ្នា។
កាលពីយប់ថ្ងៃអង្គារ៍សប្ដាហ៍មុន លោក Yoon បានដាក់ចេញនូវច្បាប់អាជ្ញាសឹកយ៉ាងតក់ក្រហល់ និងបានដកវិញត្រឹមរយៈពេល ៦ម៉ោង បង្កឲ្យប្រជាជនមានការមិនពេញចិត្តជាខ្លាំង។ នៅថ្ងៃអាទិត្យ ទី០៨ ខែធ្នូ លោក Yoon បានរួចខ្លួនពីបទចោទប្រកាន់ និងទម្លាក់តំណែង ពីគណបក្សប្រឆាំងក្នុងការបោះឆ្នោតដោយសភា។
គណបក្សប្រឆាំងបានចាត់ទុកការចេញច្បាប់អាជ្ញាសឹករបស់លោក Yoon ជាអំពើប្រឆាំងរដ្ឋធម្មនុញ្ញ ការបះបោរខុសច្បាប់ ឬរដ្ឋប្រហារ និងបានដាក់ពាក្យស្នើសុំការបោះឆ្នោតពីសភា ដើម្បីចោទប្រកាន់មេដឹកនាំកូរ៉េខាងត្បូងរូបនេះជាថ្មីម្ដងទៀត នៅក្នុងសប្ដាហ៍នេះ៕
អត្ថបទ៖ Luffy រូបភាព៖ AP