លោកស្រី Paetongtarn បរាជ័យក្នុងការដំឡើងពន្ធលើតម្លៃបន្ថែម VAT ដល់ ១៥%

នាយករដ្ឋមន្ត្រី Paetongtarn Shinawatra សម្រេចលុបចោលផែនការដំឡើងពន្ធលើតម្លៃបន្ថែម (VAT) បន្ទាប់ពីកើតមានប្រតិកម្មពីប្រជាជនថៃ។ លោកស្រីបាន​បង្ហោះ​លើ​បណ្តាញសង្គម X កាល​ពី​ថ្ងៃ​សុក្រ​ថា “គ្មាន​ការ​កែសម្រួល​ពន្ធ​លើ​តម្លៃ​បន្ថែម​ដល់ ១៥%នោះទេ”។

ការ​សម្រេច​ចិត្ត​របស់លោកស្រី​ធ្វើ​ឡើង​បន្ទាប់​ពី​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុលោក Pichai Chunhavajira និង​ក្រុម​ប្រឹក្សា​របស់​លោកស្រី​នៅ​វិមាន​រដ្ឋាភិបាល។

តាមដានជាមួយយើង៖ Million Times

រដ្ឋាភិបាលលោកស្រី Paetongtarn ទទួលរងនូវការរិះគន់យ៉ាងចាស់ដៃពីប្រជាពលរដ្ឋថៃ បន្ទាប់ពីលោក Pichai ដែលជាឧបនាយករដ្ឋមន្ត្រីបានស្នើកាលពីថ្ងៃអង្គារ ក្នុងការដំឡើងពន្ធលើតម្លៃបន្ថែម VAT ដែលអាចកើនឡើងពី ៧% ដល់ ១៥%។ រំលងបានប៉ុន្មានថ្ងៃប៉ុណ្ណោះ លោកស្រីក៏បានសម្រេចលុបចោលផែនការនេះភ្លាមៗ។

នាយករដ្ឋមន្ត្រីថៃបាននិយាយថា ក្រសួងហិរញ្ញវត្ថុនៅតែពិនិត្យមើលកំណែទម្រង់ប្រព័ន្ធពន្ធ ដើម្បីដោះស្រាយវិសមភាពសង្គម និងលើកកម្ពស់ការប្រកួតប្រជែង ទោះបីជាលោកស្រីមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមក៏ដោយ។
អាករលើតម្លៃបន្ថែម ដែលជាប្រភពចំណូលដ៏សំខាន់របស់រដ្ឋាភិបាល នៅតែមានកម្រិត ៧% ចាប់តាំងពីឆ្នាំ ១៩៩២ ខណៈដែលនាពេលកន្លងទៅ រដ្ឋបាលជាច្រើនបានស្នើឱ្យបង្កើនវាដល់កម្រិត ១០%។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ក៏បានបង្ហាញពីការគាំទ្រសម្រាប់ការកាត់បន្ថយពន្ធលើប្រាក់ចំណូលសាជីវកម្មពី ២០% ទៅ ១៥% ដើម្បីឲ្យស្មើជាមួយប្រទេសផ្សេងទៀត និងកាត់បន្ថយពន្ធលើប្រាក់ចំណូលរូបវន្តបុគ្គលពី ៣៥% ដើម្បីទាក់ទាញកម្មករជំនាញចំពេលមានការប្រកួតប្រជែងជាសកលខ្លាំង។

សមាជិកសភាមកពីគណបក្សប្រជាជន លោកស្រី Sirikanya Tansakun បាននិយាយនៅលើបណ្តាញសង្គម X ថា លោកស្រីមិនភ្ញាក់ផ្អើលទេចំពោះការផ្លាស់ប្តូរពន្ធលើតម្លៃបន្ថែម VAT របស់រដ្ឋាភិបាលលោកស្រី Paetongtarn។ លោកស្រីបានសរសេរថា “លោក Pichai គួរតែធ្វើសន្និសីទសារព័ត៌មានមួយ ដើម្បីបង្ហាញឱ្យច្បាស់នូវផែនការសម្រាប់កំណែទម្រង់ប្រព័ន្ធពន្ធដារ ដើម្បីផលប្រយោជន៍សាធារណៈ”៕

ឭអត្ថបទ៖ សារ៉ាយ រូបភាព៖ បណ្តាញសង្គម X លោកស្រី Paetongtarn