វេទិកាធុរកិច្ចកម្ពុជា-ឡាវ រៀបចំឡើងឲ្យមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងធុរជនប្រទេសទាំងពីរ ជួបពិភាក្សាគ្នា ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ក៏ដូចជាផ្លាស់ប្តូរបទពិសោន៍ និងស្វែងរកកាលានុវត្តភាពធុរកិច្ច កាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។
វេទិកាធុរកិច្ចកម្ពុជា-ឡាវ គឺជាព្រឹត្តិការណ៍អមនៃដំណើរទស្សនកិច្ចផ្លូវការរបស់លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ មកកាន់កម្ពុជារយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៤-៥ ខែធ្នូ ឆ្នាំ២០២៤។
លោក សនសៃ ស៊ីផាន់ដន
ក្នុងពេលថ្លែងបើកវេទិកាធុរកិច្ចកម្ពុជា-ឡាវ លោក សនសៃ ស៊ីផាន់ដន បានសង្កត់ធ្ងន់អំពីតួនាទីដ៏សំខាន់របស់វិស័យឯកជន ក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។ លោកបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរបានលើកកម្ពស់កម្រិតនៃកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរទៅជាភាពជាដៃគូយុទ្ធសាស្រ្តយូរអង្វែងដោយរាប់បញ្ចូលទាំងផែនការកិច្ចសហប្រតិបត្តិការកម្ពុជាឡាវតាមរយៈប្រាំឆ្នាំផងដែរ ២០២៣-២០២៧។
វេទិកាធុរកិច្ចកម្ពុជា-ឡាវ បានសង្កត់ធ្ងន់ទៅលើការប្តេជ្ញា របស់ប្រទេសទាំងពីរក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងបង្កើនពាណិជ្ជកម្មទ្វេភាគី ព្រមទាំងបានរំលេចនូវវិស័យសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការ ដែលរួមមាន៖ កសិកម្ម ថាមពល ទេសចរណ៍ និង ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធជាដើម។
វេទិកាធុរកិច្ចនេះ គេរំពឹងថា សកម្មភាពធុរកិច្ច និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន នឹងកាន់តែសកម្មនិងរឹងមាំជាលំដាប់ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់ទំនាក់ទំនង កសាងភាពជាដៃគូ និង ជំរុញកាលានុវត្តភាពវិនិយោគរវាងប្រទេសទាំងពីរ។
លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានលើកឡើងថា ការរៀបចំវេទិកាធុរកិច្ចកម្ពុជា-ឡាវសំដៅធ្វើសន្ធានកម្មរវាងវិនិយោគិនក្នុងស្រុក និងវិនិយោគិនឡាវ។
លោក សួន សុផល
លោកក៏បានបង្ហាញទៅកាន់អ្នកចូលរួមវេទិកានេះអំពីលក្ខណៈអំណោយផលនៃកម្ពុជាដល់ការវិនិយោគលើគ្រប់វិស័យរួមមានស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច, ទីតាំងយុទ្ធសាស្រ្ត, កម្លាំងពលកម្មវ័យក្មេងប្រកបដោយផលិតភាព, អត្ថិភាពនៃរាជរដ្ឋាភិបាលដែលមានទំនោរគាំទ្រដល់ធុរកិច្ច និងរបបវិនិយោគដែលមានភាពអនុគ្រោះដល់ការធ្វើធុរកិច្ចតាមរយៈការផ្តល់កិច្ចសម្រួលវិនិយោគ, កញ្ចប់លើកទឹកចិត្តឆ្លាតវៃ និងការថែទាំវិនិយោគប្រកបដោយភាពកក់ក្តៅ។
ជាមួយគ្នានេះ លោកបានបង្ហាញជំនឿចិត្តថា វិនិយោគិនដែលមានវត្តមានក្នុងកម្មវិធីនេះនឹងស្វែងរកកាលានុវត្តភាពធ្វើការបណ្តាក់ទុនវិនិយោគនៅកម្ពុជាក្រោមរូបភាពភាគហ៊ុនិក ឬដោយផ្ទាល់នាពេលដ៏ខ្លីខាងមុខ៕