លោក សន សៀប ជាប់ឆ្នោតបន្តធ្វើប្រធានសមាគម CVEA សម្រាប់អាណត្តិថ្មី

លោក សន សៀប បន្តជាប់ឆ្នោតជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា CVEA សម្រាប់អាណត្តិទី២ ឆ្នាំ២០២៥- ២០២៦ ជាមួយនឹងការប្តេជ្ញាចិត្តលើកកំពស់វិជ្ជាជីវៈ និងពង្រឹងវិស័យអចលនទ្រព្យ។

កាលនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានរៀបចំមហាសន្និបាតលើកទី១៤ បោះឆ្នោតជ្រើសរើសប្រធានក្រុមប្រឹក្សាភិបាល-ប្រធានសមាគម និងសមាជិកក្រុមប្រឹក្សាភិបាល អាណត្តិទី០៩  ព្រមទាំងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ ក្នុងនោះ លោក សន សៀប បន្តដឹកនាំសមាគម CVEA សម្រាប់អាណត្តិទី២របស់ខ្លួន។

តាមដានជាមួយយើង៖ Million Times

លើបណ្តាញសង្គមហ្វេសប៊ុកលោក សន សៀប បានប្រកាសអរគុណដល់សមាជិកសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ដែលបានគាំទ្របោះឆ្នោតជ្រើសរើសរូបលោកឲ្យបន្តធ្វើជាប្រធានសមាគមសម្រាប់អាណត្តិថ្មី ២០២៥-២០២៦ និងបានប្រកាសរួមគ្នា នឹងលើកកំពស់វិជ្ជាជីវៈ និងពង្រឹងវិស័យអចលនទ្រព្យ។

គួររំលឹកថា កាលថ្ងៃ​ទី២២​ ខែ​ធ្នូ​ ឆ្នាំ​២០២២​ លោក​ សន​ សៀប​ បាន​ជាប់​ឆ្នោត​ក្លាយ​ជា​ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ នៅ​អាណត្តិ​ទី៨​ ឆ្នាំ​២០២៣-២០២៤ ជំនួសលោក ច្រឹក សុខនីម ដែលបានចប់អាណត្តិ។ ក្រៅពីកាន់តួនាទីប្រធាន CVEA លោក សន សៀប មាន​អាយុ​៤៣​ឆ្នាំ​ក៏​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ក្រុម​ហ៊ុន​អចលន​ទ្រព្យ​ចំនួន​២​ទៀត​ បន្ទាប់​ពី​បាន​ចូល​ប្រឡូក​វិស័យ​នេះ​ប្រ​មាណ​២០​ឆ្នាំ​។

អត្ថបទ៖ សាងតេជៈ រូបភាព៖ CVEA